លោក Macron ៖ ពិភពលោកកំពុងឆ្ពោះទៅរកការបែងចែកដោយមហាអំណាច និងព្រមានអំពីការងាកចេញពីច្បាប់អន្តរជាតិ
ប៉ារីស៖ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា ពិភពលោកកំពុងឆ្ពោះទៅរកការបែងចែកដោយមហាអំណាច ខណៈដែលសហរដ្ឋអាមេរិកត្រូវបានលោកចោទប្រកាន់ថា កំពុង «ផ្ដាច់ខ្លួនចេញពីច្បាប់អន្តរជាតិ» និងងាកចេញពីសម្ព័ន្ធមិត្តមួយចំនួន។
ការព្រមាននេះត្រូវបានលើកឡើងនៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ឯកអគ្គរដ្ឋទូតប្រចាំនៅបារាំង ដែលបានប្រមូលផ្តុំគ្នានៅវិមាន Élysée កាលពីថ្ងៃព្រហស្បតិ៍ សុន្ទរកថាដែលមានគោលបំណងបង្ហាញពីអាទិភាពគោលនយោបាយការបរទេសរបស់បារាំងសម្រាប់រយៈពេល ១២ ខែខាងមុខ។
លោក Macron បាននិយាយថា «យើងកំពុងរស់នៅក្នុងពិភពលោកនៃមហាអំណាច ដែលមានការល្បួងពិតប្រាកដដើម្បីបែងចែកពិភពលោក» ខណៈដែលស្ថាប័នពហុភាគីកំពុងប្រឈមនឹងបញ្ហាប្រសិទ្ធភាព និងសម្ពាធកាន់តែខ្លាំង។
សុន្ទរកថានេះកើតឡើងក្នុងបរិបទដែលអឺរ៉ុបកំពុងប្រញាប់ប្រញាល់រៀបចំការឆ្លើយតបរួមចំពោះគោលនយោបាយការបរទេសរឹងមាំកាន់តែខ្លាំងរបស់ទីក្រុងវ៉ាស៊ីនតោននៅអឌ្ឍគោលខាងលិច រួមទាំងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសវេណេស៊ុយអេឡា ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro និងផែនការរបស់ប្រធានាធិបតី Donald Trump ទាក់ទងនឹងកោះ Greenland។
លោក Macron ក៏បានលើកឡើងពីសង្គ្រាមនៅអ៊ុយក្រែន ដោយលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានបទឈប់បាញ់ និងបានរំលឹកពីការសន្យារបស់លោក ក្នុងការដាក់កម្លាំងបារាំងនៅលើដី ដើម្បីធានាសន្តិសុខអ៊ុយក្រែន ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។

ក្នុងបរិបទអឺរ៉ុប លោក Macron បានអំពាវនាវឱ្យសហភាពអឺរ៉ុបការពារផលប្រយោជន៍របស់ខ្លួន និងជំរុញឱ្យមាន «ការបង្រួបបង្រួម» នៃបទប្បញ្ញត្តិបច្ចេកវិទ្យាអឺរ៉ុប ដើម្បីរក្សាឯករាជ្យភាពយុទ្ធសាស្ត្រ។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារឯករាជ្យភាពសិក្សា និងបានគាំទ្រការបង្កើតកន្លែងព័ត៌មានដែលអាចផ្លាស់ប្តូរមតិដោយសេរី ប៉ុន្តែមិនត្រូវបានគ្រប់គ្រងដោយក្បួនដោះស្រាយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនតូច។
បច្ចុប្បន្ននេះ សហភាពអឺរ៉ុបបានអនុម័តច្បាប់បច្ចេកវិទ្យាសំខាន់ៗ រួមមាន ច្បាប់ទីផ្សារឌីជីថល (DMA) ស្តីពីការប្រកួតប្រជែង និង ច្បាប់សេវាកម្មឌីជីថល (DSA) ស្តីពីការគ្រប់គ្រងខ្លឹមសារ ដែលត្រូវបានទីក្រុងវ៉ាស៊ីនតោនរិះគន់ថា ជាការប៉ុនប៉ងបង្ខិតបង្ខំវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអាមេរិក។
យ៉ាងណាមិញ លោក Macron បានបញ្ជាក់យ៉ាងច្បាស់ថា «DSA និង DMA គឺជាបទប្បញ្ញត្តិពីរដែលត្រូវតែការពារ» ដើម្បីរក្សាសុវត្ថិភាពព័ត៌មាន និងអធិបតេយ្យភាពបច្ចេកវិទ្យារបស់អឺរ៉ុប៕