រុស្ស៊ី ចាប់ផ្តើមទទួលបានការផ្គត់ផ្គង់ដ្រូនប្រយុទ្ធ Kamikaze ជាប្រចាំពីអ៊ីរ៉ង់
បរទេស ៖ ភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេសកាលពីចុងសប្តាហ៍កន្លងមកនេះបានធ្វើការវិភាគ និងស្រាវជ្រាវបានរកឃើញថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមទទួលយកការផ្គត់ផ្គង់យន្តហោះដ្រូនអត្តឃាតប្រភេទ Kamikaze ពីប្រទេសអ៊ីរ៉ង់ជាទៀងទាត់ ក្រោយការបដិសេធថាមិនមានទំនាក់ទំនងជាមួយគ្នានាពេលកន្លងមក។
គិតចាប់តាំងពីដើមខែមីនារហូតមក របាយការណ៍ដែលបានអះអាង និងចោទប្រកាន់ថា រុស្ស៊ីបានធ្វើការប្រើប្រាស់យន្តហោះដ្រូនដែលផលិតនៅប្រទេសអ៊ីរ៉ង់ប្រភេទនេះដើម្បីធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ហើយយោងតាមអ្នកជំនាញស៊ើបការណ៍របស់អង់គ្លេសបានឲ្យដឹងទៀតថាគិតមកដល់ពេលនេះ រុស្ស៊ី បានប្រើប្រាស់ Kamikaze ប្រមាណជា៧១គ្រឿងមកហើយ។
តាមផែនការដែលភ្នាក់ងារស៊ើបការណ៍អង់គ្លេសទទួលបាន និងត្រូវបានយកមកប្រកាសដោយក្រសួងការពារជាតិនោះបានបញ្ជាក់ថា រុស្ស៊ី នឹងប្រើប្រាស់ដ្រូនទាំងនោះក្នុងគោលដៅធំៗចំនួន២គឺចាប់ពីតំបន់ Krasnodar Krai នៅភាគខាងកើត និងពីតំបន់ Bryansk Oblast នៅភាគឥសានឆ្ពោះទៅអ៊ុយក្រែនដូចគ្នា។
ការផ្កត់ផ្គង់ដ្រូនកាន់តែច្រើន និងញឹកញាប់ពីអ៊ីរ៉ង់នេះអាចជួយឱ្យរុស្ស៊ីមានភាពបត់បែនខ្ពស់ក្នុងការកំណត់គោលដៅបានកាន់តែទូលាយនៅក្នុងប្រទេសអ៊ុយក្រែន និងកាត់បន្ថយពេលវេលាហោះហើរទៅកាន់គោលដៅនៅភាគខាងជើងនៃអ៊ុយក្រែន។
គួរឲ្យដឹងដែរថា ដ្រូនប្រភេទ kamikaze នេះជាប្រភេទដ្រូនអត្តឃាត ហើយមានតម្លៃលើទីផ្សារចន្លោះពី ២ម៉ឺនទៅដល់ ១០ម៉ឺនដុល្លារ ប៉ុន្តែ
អាចប្រតិបត្តិការមានប្រសិទ្ធភាពជាមីស៊ីលមួយចំនួនដែលរុស្ស៊ីធ្លាប់ប្រើនាពេលកន្លងមកហើយ លើសពីនេះដ្រូននេះអាចហោះបានឆ្ងាយ
រហូតទៅដល់ជាង ២, ៤០០គីឡូម៉ែត្រទៀតផង៕