បង្ក្រាបឧបករណ៍បទល្មើសនេសាទខុសច្បាប់ ប្រវែងជាង ៥,៦០០ម៉ែត្រ នៅកំពង់ធំ
កំពង់ធំ៖ កងកម្លំាងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅវេលាម៉ោង ៩យប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ធ្វើសកម្មភាពរុករកកន្លែងដាក់ឆ្នុកដោយប្រើប្រាស់អំពូលភ្លើងដេីម្បីនេសាទត្រីខុសច្បាប់ នៅតំបន់វាលក្រោមក្នុងទឹកដីឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ តែត្រូវក្រុមជនល្មើសដឹងខ្លួនមុនរត់គេចខ្លួនអស់ ។
ប្រតិបត្តិការនេះអនុវត្តន៍តាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯកសោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយសហការជាមួយសហគមន៍នេសាទ បឹងផ្តៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ រួមជាមួយប្រជាការពារ ។

លុះព្រឹកឡើងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ កងកម្លំាងអន្តរាគមន៍ បានបន្តធ្វើសកម្មភាពកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ ដែលលួចដាក់របាំងសាច់អួនក្រឡាញឹក នៅតំបន់ទ្រនំជ្រឹង ព្រែកទឹកថ្លា បឹងកូនសត្វ និងតំបន់បែកក្អម ស្ថិតនៅក្នុងឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។
ជាលទ្ធផល បានរុះរើកាប់បំផ្លាញនៅហ្នឹងកន្លែង នូវរបាំងសាច់អួនក្រឡាញឹក ចំនួន ៤របាំង មានប្រវែងជាង ៥,៦០០ម៉ែត្រ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនធំទៀត ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាបានបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការដែលទទួលបានជោគជ័យនេះ គឺដោយសារទទួលបានពត៌មានពីកម្លាំងសម្ងាត់ និងពីប្រជាពលរដ្ឋ នៅក្នុងឃុំសំព្រោច ស្រុកស្ទោង ព្រមទាំងបានចាត់តាំង ការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ ក្នុងការដឹកនាំកម្លាំងអន្តរាគមន៍បង្រ្កាបបទល្មើសជាទ្រង់ទ្រាយធំនៅពេលនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លំាងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងសហការទាំងអស់ ដែលបានតស៊ូអត់ធ្មត់ ជម្នះរាល់ឧបសគ្គ និងការលំបាកក្នុងការបំពេញភារកិច្ចនេះ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងខេត្តកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត បន្តបង្ក្រាបបទល្មើសនេសាទខុសច្បាប់ តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ដេីម្បីបម្រើសេចក្តីត្រូវការរបស់សង្គមជាតិ និងប្រជាជនយើង ៕
