Close

អ្នកវិនិយោគអាមេរិកពេញចិត្តក្នុងការវិនិយោគនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 46 នាទីមុន ព័ត៌មានជាតិ
អ្នកវិនិយោគអាមេរិកពេញចិត្តក្នុងការវិនិយោគនៅកម្ពុជា អ្នកវិនិយោគអាមេរិកពេញចិត្តក្នុងការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូត TED Osius អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន US-ASEAN Business Council (USABC) បានថ្លែងថា អ្នកវិនិយោគអាមេរិកពេញចិត្តយ៉ាងខ្លាំងក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក និងបន្តស្វែងរកឱកាសបន្ថែមទៀត ។

លោកឯកអគ្គរដ្ឋទូត TED Osius បានថ្លែងបែបនេះ ក្នុងពេល ដឹកនាំតំណាងក្រុមហ៊ុនអាម៉េរិកធំៗ ដែលជាសមាជិកក្រុមប្រឹក្សាចូលជួបពិភាក្សារងារជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្តីអំពីកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាពពិត និងកាលានុវត្តភាពវិនិយោគក្នុងវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជានៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ ។

អ្នកវិនិយោគអាមេរិកពេញចិត្តក្នុងការវិនិយោគនៅកម្ពុជា

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតជាប្រធានប្រតិភូបានវាយតម្លៃខ្ពស់អំពីការរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជាយ៉ាងលឿន និងក្នុងរយៈពេលខ្លី ចាប់តាំងពីឯកឧត្តមបានអញ្ជើញមកទស្សនាកម្ពុជាជាលើកដំបូងកាលពីឆ្នាំ១៩៩៦។

ទន្ទឹមនឹងនេះដែរ លោក ក៏បានលើកឡើងពីការពេញចិត្តរបស់អ្នកវិនិយោអាម៉េរិក ដែលជាសមាជិកក្នុងការវិនិយោគនៅកម្ពុជាកន្លងមក និងការស្វែងយល់បន្ថែមទៀតពីស្ថានភាពពិត និងកាលានុវត្តវិនិយោគបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា។

អ្នកវិនិយោគអាមេរិកពេញចិត្តក្នុងការវិនិយោគនៅកម្ពុជា

ជាការឆ្លើយតបក្នុងជំនួបដ៏សំខាន់នេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាយជ្រាលជ្រៅជូនចំពោះលោក ឯកអគ្គរដ្ឋទូត TED Osius និងសមាជិកក្រុមប្រឹក្សា ដែលបានអញ្ជើញពីក្រុមហ៊ុន ConocoPhillips, Marriott International, Mastercard, Visa, Ford & RMA, Coca-Cola និង Vriens & Partners ដែលបានជ្រើសរើសកម្ពុជាក្នុងការបោះទុនវិនិយោគដោយទំហំច្រើនលានដុល្លារអាម៉េរិក ដែលពិតជាការបង្ហាញនូវទំនុកចិត្តយ៉ាងមុតមាំលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមអាណត្តិរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះ លោក រដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនប្រតិភូពីការធានាបាននូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងការធានា និងលើកទឹកចិត្តអ្នកវិនិយោគដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា សំដៅផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជាដែលជាប្រទេសមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ។

អ្នកវិនិយោគអាមេរិកពេញចិត្តក្នុងការវិនិយោគនៅកម្ពុជា

តាមរយៈកិច្ចជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានយល់ស្របគ្នាថា ប្រទេសកម្ពុជា ជាប្រទេសមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ ដែលនឹងសហការរួមគ្នាធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីសហរដ្ឋអាម៉េរិកមកទស្សនា និងស្វែងយល់ពីឱកាសវិនិយោគឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ជូនថាក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council ឬ USABC) ជាអង្គការដ៏សំខាន់បណ្តុំនូវក្រុមហ៊ុនអាម៉េរិកធំៗ ដែលប្រកបអាជីវកម្មក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បង្កេីតឡេីងក្នុងឆ្នាំ ១៩៨៥។

ក្រុមប្រឹក្សាមានទីស្នាក់ការកណ្ដាលនៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី និងការិយាល័យនៅទីក្រុងធំៗ ផ្សេងៗ ទៀតដូចជា៖ ញូវយ៉ក, បាងកក, ហាណូយ, ហ្សាកាតា, គូឡាឡាំពួ, ម៉ានីលា ហ្វីលីពីន និងសិង្ហបុរី។ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដែលជាសមាជិករបស់ក្រុមប្រឹក្សាមានដូចជា Abbott, ConocoPhillips, Marriott International, Mastercard, Visa, Meta, 3M, Ford & RMA Cambodia, Manulife, Coca-Cola, Plug and Play, Vriens & Partners៕