ចិនគ្រោងបង្កើតក្រុមការងារបច្ចេកទេសដើម្បីពន្លឿនគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
ភ្នំពេញ ៖ នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស(ចិន) បានបង្ហាញការគាំទ្រពេញទំហឹងគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ហើយគ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម្រោងនេះ។
ការបង្ហាញការគាំទ្រនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ZHANG Zhiqing អនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។
ជាមួយនឹងគម្រោងវិនិយោគរបស់រាជរដ្ឋាភិបាលដ៏សន្ធឹកសន្ធាប់ខាងលើនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ដែលជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសជាតិ ជាពិសេសគម្រោងផ្លូវដែកល្បឿនលឿន។
លោកឧកញ៉ា បានថ្លែងដូច្នេះ ៖«គម្រោងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដែលទទួលបានការគាំទ្រពីចិននេះ នឹងបម្រើដល់វិស័យទេចរណ៍ និងដឹកជញ្ជូនធន់ស្រាល និងតភ្ជាប់ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ ដូចជាប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវជាដើម ដូច្នេះ គម្រោងមួយនេះនឹងជួយយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផងដែរ»។
ពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងល្បឿលឿននេះដែរ ភាគីចិនក៏បានផ្តល់ការពន្យល់លម្អិតអំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ដោយបានបញ្ជាក់ថា ការបង្កើតក្រុមការងារបច្ចេកទេស គឺជាការងារអាទិភាព។ ចំពោះការស្នើឱ្យបង្កើតក្រុមការងារបច្ចេកទេសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់ការឯកភាព ដោយនឹងមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា បច្ចុប្បន្ន មានគម្រោងធំៗចំនួន៣ ស្ថិតក្នុងការពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទាន ដែលក្នុងនោះមានដូចជា៖ (១)គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC (២)គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុន Shanghai Construction Group Co.,Ltd និង (៣) គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។
ជាការឆ្លើយតប លោក ZHANG Zhiqing បានថ្លែងថា ចំពោះគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ និងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ។ ដោយឡែកចំពោះគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ភាគីចិនស្នើសុំពេលវេលា ដើម្បីយកលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព ដាក់ទៅស្ថាប័នជំនាញពាក់ព័ន្ធពិភាក្សាឱ្យបានលម្អិតស៊ីជម្រៅ ដើម្បីបានជាមូលដ្ឋានក្នុងការឆ្លើយតបត្រឡប់មកវិញ៕