សហគមន៍ព្រៃឈើខេត្តពីរ របស់កម្ពុជាទទួលចំណេះដឹងលើការកែច្នៃរពាក់ពីអ្នកស្រុកអង្គរ
សៀមរាប៖ ក្រុមប្រជាសហគមន៍ព្រៃឈើមកពីខេត្តពោធិសាត់ និងខេត្តកំពង់ធំ បានទទួលចំណេះដឹងពីការកែច្នៃដើមរពាក់ចេញជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃពីដូនចាស់នៅតំបន់អង្គរ ខេត្តសៀមរាប ដើម្បីបន្តចែករំលែកទៅដល់អ្នកជំនាន់ក្រោយនៅក្នុងសហគមន៍របស់ពួកគាត់ បង្កើតមុខរបរបន្ថែម កាត់បន្ថយចំណាកស្រុក និងចូលរួមអភិរក្សអនុផលព្រៃឈើ តាមរយៈអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា ដោយមានការចូលរួមពីដូនចាស់ដែលមានជំនាញតាំងពីដូនតាមក ក្នុងភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាប។
ប្រជាសហគមន៍ បានសម្តែងនូវការសាទរចំពោះការទទួលបានជំនាញថ្មីនេះ ដោយពួកគាត់យល់ឃើញថា ការចាប់យកជំនាញកែច្នៃដើមរពាក់ជាវត្ថុប្រើប្រាស់ អាចក្លាយជាមុខរបរប្រចាំថ្ងៃដ៏សំខាន់ ជាពិសេសគឺការកាត់បន្ថយការធ្វើចំណាកស្រុក និងជួយអភិរក្សមុខជំនាញកែច្នៃវត្ថុអនុស្សាវរីយ៍ខ្មែរនេះ នៅក្នុងសហគមន៍របស់ពួកគាត់ ខណៈដែលជំនាញនេះមិនសូវមានអ្នកបន្តវេន។ សម្ភារដែលធ្វើពីដើមរពាក់ មានសារៈសំខាន់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងមានទីផ្សារខ្ពស់ដូចជានៅតាមសណ្ឋាគារ និងជាវត្ថុអនុស្សាវរីយ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរ។

លោក ដួង សារឿន មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឱ្យដឹងថា ការចាប់យកចំណេះដឹងពីការកែច្នៃដើមរពាក់នេះ ពិតជាមានប្រយោជន៍សម្រាប់សហគមន៍ ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើនមុខរបរការងារ និងជាពិសេសបានជួយអភិរក្ស ព្រមទាំងជំរុញការដាំដើមរពាក់នៅក្នុងសហគមន៍ឲ្យកាន់តែច្រើនឡើង។ បច្ចុប្បន្ននេះ ដើមរពាក់មិនមានការខ្វះខាតនោះទេ ហើយលោកគាំទ្រយ៉ាងពេញទំហឹងចំពោះប្រជាសហគមន៍ដែលបានរៀនជំនាញកែច្នៃជាវត្ថុមានតម្លៃចេញពីដើមរពាក់នេះ។
លោក ស៊ឹម ប៊ុនធឿន ប្រធានអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា បានបង្ហាញថា គោលបំណងនៃការផ្តល់ជំនាញនេះ គឺដើម្បីផ្តល់នូវគំនិត និងវិធីសាស្ត្រកែច្នៃឲ្យកាន់តែមានភាពទាក់ទាញ សម្រាប់ការចូលទៅកាន់ទីផ្សារ ជាពិសេសទីផ្សារទេសចរណ៍។ ការបណ្តុះបណ្តាលនេះ ក៏ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀតដល់សហគមន៍លើជំនាញ ដែលអាចបន្តទៅកាន់គណៈកម្មការសហគមន៍ផ្សេងទៀត ក្នុងការទទួលបានចំណេះដឹងលើការកែច្នៃ។

លោកបានបញ្ជាក់ថា រពាក់អាចកែច្នៃចេញជាផលិតផលផ្សេងៗជាច្រើនដូចជា៖ ខេង កញ្ជើ បង្គំ ត្រកត្រី ជាលហាលត្រី ជើងផ្កា ជើងពាន ឈុតសន្លុង រង្វេលឆ្នាំង ធុងសំរាម មួក កន្ទេល និងសម្ភារប្រើប្រាស់ជាច្រើនទៀត ដែលសម្ភារទាំងនេះ ត្រូវបានរៀបចំផលិតផលទាំងនោះក្លាយជាខ្សែច្រវាក់ផ្គត់ផ្គង់ដ៏សំខាន់ក្នុងវិស័យទេសចរណ៍បន្ថែមទៀត៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
