Close

សម្តេចហ៊ុន ម៉ាណែត ៖ ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដោយសាររង់ចាំការរៀបចំសមាសភាពថ្មីរបស់ថៃ

ដោយ៖ Chhan Sreyka ​​ | 19 ម៉ោងមុន ព័ត៌មានជាតិ
សម្តេចហ៊ុន ម៉ាណែត ៖ ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដោយសាររង់ចាំការរៀបចំសមាសភាពថ្មីរបស់ថៃ សម្តេចហ៊ុន ម៉ាណែត ៖ ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដោយសាររង់ចាំការរៀបចំសមាសភាពថ្មីរបស់ថៃ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់តាំងពីខែ កញ្ញាឆ្នាំ ២០២៥ កន្លងទៅនេះ ដោយមូលហេតុរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ។

ការបញ្ជាក់បែបនេះ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើឡើង តាមរយៈបណ្តាញហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ ។ សម្តេចបញ្ជាក់បន្ថែមថា
កម្ពុជាសង្ឃឹមថានឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខដើម្បីដោះស្រាយបញ្ហានេះ។

បើតាមសម្តេចធិបតី កំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាទាក់ទងនឹងការគ្រប់គ្រងព្រំដែន ជាពិសេសពាក់ព័ន្ធនឹងឧបទ្វវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

សម្តេចហ៊ុន ម៉ាណែត៖ ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដោយសាររង់ចាំការរៀបចំសមាសភាពថ្មីរបស់ថៃ

ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចំរុះព្រំដែន (JBC) ហើយភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មការធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC)។

ទោះជាយ៉ាងណា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ បន្ទាប់ពីការផ្ញើលិខិតអញ្ជើញលើកទីមួយកាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

ចំពោះការផ្ញើនូវលិខិតអញ្ជើញជាលើកទីពីរនេះ ដើម្បីអញ្ជើញកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ មកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំនេះ គឺអនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។

គួររំលឹកផងដែរថា ការអញ្ជើញភាគីថៃចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី២ នៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕