អាជ្ញាធរខេត្ដសៀមរាប អំពាវនាវដល់អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍
សៀមរាប៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ អំពាវនាវដល់អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវឱ្យនៅកម្រិតទាប។
ការអំពាវនានេះ ធ្វើឡើង នៅពេល ចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ចែកខិតបណ្ណ ចែកមួកសុវត្ថិភាព និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវជាតិ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ដែលបណ្ដាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់ក្រុមគ្រួសារ កម្លាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។
លោក លី សារី បានបន្ដថា គោលបំណងសំខាន់បំផុត នៃសកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងឡាយឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។
លោក លឿម រស្មី ប្រធានមន្ទីរសាធារណៈការ និងដឹងជញ្ជូន ខេត្តសៀមរាប បានឱ្យដឹងថា គោលបំណងសំខាន់បំផុត នៃសកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងឡាយឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។
លោកបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តសៀមរាបកន្លងមកភាគច្រើន គឺបណ្ដាលពីមិនគោរពច្បាប់ចរាចរណ៍ ដូចជាបើកបរហួសល្បឿនកំណត់ ការបត់មិនគោរពតាមផ្លាកសញ្ញា ឬគំនូសចរាចរណ៍ជាដើម ដោយពួកគាត់ជិះតាមទម្លាប់។ លោកប្រធានមន្ទីរ ក៏បានស្នើសុំយ៉ាងទទូចដល់អ្នកបើកបរទាំងអស់សូមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន បញ្ឈប់ការបើកបរតាមទម្លាប់៕