អភិបាលខេត្តបន្ទាយមានជ័យ៖ ការធ្វើសកម្មភាពដោយឯកតោភាគីរបស់ថៃ ប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាការបំពាន MOU ២០០០

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់អភិបាលខេត្តស្រះកែវ នៃប្រទេសថៃការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០។
លោក អ៊ុំ រាត្រី បានប្រាប់ដូច្នេះ តាមរយៈលិខិតមួយច្បាប់ផ្ញើទៅអភិបាលខេត្តស្រះកែវ នៃប្រទេសថៃ កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពីអភិបាលខេត្តរូបនេះបានស្នើសុំកិច្ចសហការដោះស្រាយបញ្ហាផ្ទះប្រជាជនកម្ពុជា នៅតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ កម្ពុជា និងខេត្តស្រះកែវ ថៃ។
នៅក្នុងលិខិតនេះ លោក អ៊ុំ រាត្រីសរសេរថា «ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
ទាក់ទងនឹងកិច្ចការព្រំដែននេះ លោក អ៊ុំ រាត្រី ស្នើឱ្យអភិបាលខេត្តស្រះកែវរបស់ថៃ រក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនកំពុងរស់នៅ នាពេលបច្ចុប្បន្ន ហើយទុកកិច្ចការងារនេះជូនទៅ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានេះ។
ជុំវិញរឿងនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិនៅថ្ងៃទី ៤ ខែកញ្ញានេះ បានថ្លែងថា បញ្ហាខាងលើនេះនឹងមានដំណោះស្រាយល្អ ប្រកបដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំ GBC និង JBC នាពេលដ៏ខ្លីខាងមុខនេះ។
ទាហានថៃ តាមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតឃ្លាំង (Boonsin Padklang) មេទ័ពភូមិភាគ២ បានយករបងបន្លាលួយព័ទ្ធចូលផ្ទះពលរដ្ឋជាច្រើនខ្នងស្ថិតនៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។
លើសពីនេះទៀត កាលពីពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតឃ្លាំង (Boonsin Padklang) បានប្រកាសនៅថ្ងៃអង្គារ ឆ្នាំ ២០២៥នេះ ថា ទាហានថៃនឹងព័ទ្ធរបងលួសប្រាសាទតាមាន់ធំជាថ្មីម្តងទៀត។ បើពលរដ្ឋខ្មែរ ចង់ចូលទៅទស្សនា ត្រូវបង្ហាញលិខិតឆ្លងដែន និងត្រាទិដ្ឋាការទេីបអាចចូលបាន។
លោក ប៊ុនស៊ីន បានសង្កត់ធ្ងន់ថា យោធាភូមិភាគទី២ នឹងមិនបន្ធូរបន្ថយទៀតទេ ចំពោះប្រជាជនកម្ពុជា ដូចកាលពីមុនដែលពួកគេចូលទៅរើរបងលួសនៅប្រាសាទតាមាន់ធំ៕