ក្រុមហ៊ុន Toyota នឹងពង្រីកខ្សែចង្វាក់ផលិតកម្មបន្ថែមទៀតនៅ កម្ពុជា នាពេលខាងមុខ
ទីក្រុងអូសាកា, ជប៉ុន៖ លោក Harada Shigeru អគ្គនាយកក្រុមហ៊ុន Toyota Tsusho Co., LTD (Japan)ប្រចំានៅប្រទេសជប៉ុន បានលើកឡើងថា ក្រុមហ៊ុន Toyota នឹងពង្រីកខ្សែចង្វាក់ផលិតកម្មបន្ថែមទៀតនៅកម្ពុជានាពេលខាងមុខនេះ បន្ទាប់ពីទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា។
លោក Harada Shigeru បានលើកឡើងបែបនេះ គឺនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ក្នុងគ្រាដែលលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមទទួលទានអាហារការងារពេលព្រឹកជាមួយលោក និងសហការី ព្រមទាំងតំណាងក្រុមហ៊ុន Toyota TSUSHO Manufacturing (Cambodia) និងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។
នាឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលបានជ្រើសរើសមកបណ្តាក់ទុកវិនិយោគដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ដែលបានផ្តល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនកម្ពុជា ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាជាដើម។
លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រថយន្ត Toyota មានភាពពេញនិយមខ្លាំងចំពោះប្រជាជនកម្ពុជា ដោយភាពល្បីល្បាញលើគុណភាព និងភាពធន់ ដែលផ្តល់ភាពជឿជាក់ដល់អ្នកបើកបរ។
ជាការឆ្លើយតប លោក Harada Shigeru បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវរដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្មកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រនិងសម្របសម្រួលដល់ក្រុមហ៊ុនសម្រាប់ដំណើរការវិនិយោគ និងធុរកិច្ចរបស់ខ្លួននៅកម្ពុជា តួយ៉ាងការចុះបញ្ជីម៉ាក និងការស្នើសុំសិទ្ធផ្តាច់មុខ។
លោកបានថ្លែថា ក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ជាក់ស្តែងក្រុមហ៊ុននឹងដាក់ឱ្យដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ ដើម្បីជំរុញការអភិវឌ្ឍ ជំនាញក្នុងវិស័យមេកានិក និងយានយន្ត។ ដោយយោងតាមតម្រូវការបញ្ជាទិញខ្ពស់របស់អតិថិជន និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននឹងពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញនៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថា ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនយក្ស ហើយមុននឹងធ្វើអ្វីមួយក្រុមហ៊ុនបានគិតគូរល្អិតល្អន់ណាស់។ សម្តេចធិបតី បានបន្តថា តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា វានឹងក្លាយទៅជាចលករមួយ ក្នុងការចូលរួមចំណែកទាក់ទាញការវិនិយោគថ្មីៗមកកម្ពុជាបន្ថែមទៀត។
សម្តេចថ្លែងយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនតូយ៉ូតា ជាក្រុមហ៊ុនយក្ស មុននឹងគេធ្វើអ្វី គេគិតគូរច្បាស់លាស់ណាស់។ អីចឹង បើយក្សមកកម្ពុជា នឹងលើកទឹកចិត្ត ខ្ញុំថាក្រុមហ៊ុនផ្សេងទៀត នឹងមកកម្ពុជា។ នេះគឺជាការទាក់ម៉ូយធំណាស់»។
បើតាមការថ្លែងរបស់សម្តេចធិបតី ការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជា គឺជាផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា ហើយសម្តេចបានបង្ហាញក្តីសង្ឃឹមថា មិត្តជប៉ុននឹងបន្តឈរយ៉ាងរឹងមាំជាមួយកម្ពុជា។ ក្រៅតែពីការដំឡើងរថយន្តហើយនោះ សម្តេចក៏ចង់ឱ្យក្រុមហ៊ុនពិនិត្យការវិនិយោគលើខ្ចៅ ឬពូករថយន្តជាដើម។
សូមជម្រាបថា រោងចក្រដំឡើងរថយន្តតូយ៉ូតា បោះទុនជិត ៣៧លានដុល្លារ ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TOYOTA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។
រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលមានទុនវិនិយោគចំនួន ៣៦,៧៨១,០០០ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយមានសមត្ថភាពដំឡើងរថយន្តចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង៕