Close

គណៈប្រតិភូវិនិយោគិនជប៉ុន ស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ មួយចំនួន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
គណៈប្រតិភូវិនិយោគិនជប៉ុន ស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ មួយចំនួន គណៈប្រតិភូវិនិយោគិនជប៉ុន ស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ មួយចំនួន

ភ្នំពេញ៖ ក្រោមការសម្របសម្រួលនិងរៀបចំដោយក្រុមហ៊ុន Cambodia Securities Plc. គណៈប្រតិភូវិនិយោគិនជប៉ុនដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI ស្វែងយល់ពីសក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាលខ្សែភ្លើង, វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនជប៉ុន ទាំងនោះ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ
បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។

គណៈប្រតិភូវិនិយោគិនជប៉ុនស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន

ជាមួយគ្នានេះ លោកបានឡើងពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, បរិយាកាសវិនិយោគ, ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសុខសន្តិភាព, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។

ជាការឆ្លើយតប គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយបាននិងកំពុងសិក្សាស្វែងយល់និងប្រមូលព័ត៌មានបន្ថែមទាក់ទងនឹងការវិនិយោគក្នុងវិស័យរបស់ខ្លួន។

គណៈប្រតិភូវិនិយោគិនជប៉ុនស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន

ប្រធានគណៈប្រតិភូក៏បានបញ្ជាក់ថាក្រុមហ៊ុនមិនត្រឹមតែមានគម្រោងវិនិយោគដោយផ្ទាល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងនាំយកវិនិយោគិនជប៉ុនក្នុងវិស័យផ្សេងទៀតមកកាន់កម្ពុជាផងដែរ។ ទន្ទឹមនេះ ក៏បានជម្រាបជូនដែរថាការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនក៏នឹងនាំយកបច្ចេកទេស និងបទពិសោធន៍ ព្រមទាំងចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មកម្ពុជាផងដែរ៕


គណៈប្រតិភូវិនិយោគិនជប៉ុនស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន