Close

កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម

ភ្នំពេញ ៖ កម្ពុជា និងឡាវ បានចុះហត្ថលេខាលើកំណត់ហេតុចំនួន ៤ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ ក្នុងស្មារតីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងភាគីទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

កិច្ចចុះហត្ថលេខាខាងលើនេះត្រូវបានធ្វើឡើងក្នុងពិធីស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី ១៨-២០ ខែមីនា ឆ្នាំ២០២៣។

តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី ១៨-២០ ខែមីនា ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ក្នុងស្មារតីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងភាគីទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង បានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានឯកភាពយកចិត្តទុកដាក់អនុវត្តកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖

១. បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តច្បាប់នៃភាគីទាំងពីរ សំដៅរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងសហការ បង្កលក្ខណៈសមស្របដល់ពលរដ្ឋចេញ-ចូលស្របច្បាប់តាមច្រកទ្វារព្រំដែន ដើម្បីធ្វើធុរកិច្ច ទេសចរណ៍ និងសួរសុខទុក្ខគ្រួសារ រួមចំណែកជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។

២. បង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេស អំពើរត់ពន្ធ-ជួញដូរមនុស្សឆ្លងដែន សកម្មភាពជួញដូរ និងដឹក ជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលកើតមាននៅតាមតំបន់ព្រំដែន ។

៣. បន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងសហការដោះស្រាយបញ្ហានានាដោយសន្តិវិធី ផ្អែកលើ គោលការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់ ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនអំពីបទប្បញ្ញត្តិព្រំដែន ដើម្បីចៀសវាងធ្វើ សកម្មភាព ឬបង្កបាតុភាពអសកម្មផ្សេងៗ នាំឲ្យប៉ះពាល់ដល់ស្ថានភាពដើមនៅតំបន់មិនទាន់ កំណត់ខណ្ឌសីមា ។

៤. បន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើឲ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ នៅព្រះរាជាណាចក្រកម្ពុជា និងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ ក្នុងឆ្នាំ២០២៣ និងបណ្តាឆ្នាំខាងមុខ ឲ្យប្រព្រឹត្តទៅដោយជោគជ័យ៕

អត្ថបទទាក់ទង