Close

កម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី កម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាហេដ្ឋារចនាសម្ព័ន្ធ សំខាន់ថ្មីមួយទៀតក្នុងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ពិធីសម្ពោធសមិទ្ធផលថ្មីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

កម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅគឺជាគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុន ក្រោមគំរូវិនិយោគជា “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុនដែលសន្សំសំចៃផ្ទៃដី។ រោងចក្រនេះមានសមត្ថភាពផលិតទឹកស្អាតបាន ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងជួយបន្ថែមសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យដល់ជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។

សមិទ្ធផលមួយទៀតគឺស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាគម្រោងអនុវត្តកិច្ចសន្យារវាងក្រុមហ៊ុន OCIC និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីស្តារផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរាលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

កម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី

ស្ថានីយ៍បូមទឹកឆៅថ្មី តម្លៃ២៨លានដុល្លារនេះ មានសមត្ថភាពបូមទឹកឆៅបាន ៤៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រទឹកស្អាតនិរោធក្នុងតំណាក់កាលបច្ចុប្បន្ន និងអនាគត ដែលនឹងបម្រើសម្រាប់ទាំងការរស់នៅ អាជីវកម្ម និងតំបន់អភិវឌ្ឍន៍សំខាន់ៗ រួមទាំងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកឡើងថា៖ “សមិទ្ធផលទាំងពីរនេះនឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងជាការរួមចំណែកសម្រេចគោលដៅ “ទឹកស្អាតសម្រាប់ទាំងអស់គ្នា” និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ ហេដ្ឋារចនាសម្ព័ន្ធនេះក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងការផ្គត់ផ្គង់ទឹកស្អាតស្របតាមស្តង់ដារគុណភាព មានសុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ជូនប្រជាជនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។”

ក្នុងរបាយការណ៍ជូនដល់អង្គពិធី លោក រដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា បរិមាណនៃការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេសបានកើនឡើង ៧២% ពីប្រមាណ ៣០៩ លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៣០ លានម៉ែត្រគូបក្នុងឆ្នាំ២០២៤។ ក្នុងនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរួមចំណែកផលិតប្រមាណ ៥៩% នៅក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើងយ៉ាងខ្លាំងពី ៧៨១.៩០៨ គ្រួសារ ក្នុងឆ្នាំ២០១៨ ដល់ ២.៩៨២.៨៣១ គ្រួសារ ក្នុងឆ្នាំ២០២៤។

កម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបន្តពង្រឹងសមត្ថភាពផលិតលើសពី១លានម៉ែត្រគូបក្នុងមួយថ្ងៃ ចាប់តាំងពីចុងឆ្នាំ២០២៤ មក និងបានពង្រីកបណ្តាញចែកចាយទឹកស្អាតរបស់ខ្លួនដល់ជាង ៥ ពាន់គីឡូម៉ែត្រ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅនេះនឹងបំពេញតម្រូវការទឹកស្អាតសម្រាប់ប្រមាណ ២៣.០០០ តណ សម្រាប់ទាំងគ្រួសារ អាជីវកម្ម និងតំបន់ឧស្សាហកម្ម។

ចំណែក លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា គម្រោងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងជប៉ុន និងកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ជប៉ុនបានបន្តគាំទ្រវិស័យទឹកនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ និងបានរួមចំណែកបង្កើត “អព្ភូតហេតុទីក្រុងភ្នំពេញ” ក្នុងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ដែលអព្ភូតហេតុនេះត្រូវបានពង្រីកទៅកាន់ទីក្រុង និងខេត្តជាច្រើនផ្សេងទៀត។

គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ ត្រូវបានចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៥ ដែលសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន KKKCT មកពីប្រទេសជប៉ុន ក្រោមការត្រួតពិនិត្យរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ គម្រោងនេះបានទទួលហិរញ្ញប្បទានឥតសំណងចំនួន ៣.៤២១ លានយ៉េន (ប្រមាណ ២៣,២៥ លានដុល្លារអាមេរិក) ពីប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមគំរូវិនិយោគជា “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដោយពន្ធ និងអាករជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា៕

កម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី