Close

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ចាប់ផ្តើមជាផ្លូវការនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 11 ម៉ោងមុន ព័ត៌មានជាតិ
កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ចាប់ផ្តើមជាផ្លូវការនៅកម្ពុជា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ចាប់ផ្តើមជាផ្លូវការនៅកម្ពុជា

សៀមរាប៖ កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (The 20th AMS 2025) និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្ដើមជាផ្លូវការនៅទឹកដីសៀមរាបអង្គរនាព្រឹកថ្ងៃនេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះមានការចូលរួមពីគណៈប្រតិភូ ៣៧ប្រទេស និងដំណើរការប្រធានបទចំនួន ៧ ក្នុងពេលតែមួយ។

ក្នុងបទសម្ភាសន៍មុនចាប់ផ្ដើមកម្មវិធី ឯកឧត្ដម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ បានមានប្រសាសន៍ថា ប្រធានបទទាំង ៧ នឹងផ្ដោតលើការវិវឌ្ឍន៍នៃយុគសម័យឌីជីថល បញ្ញាសិប្បនិមិត្ត (AI) ជាពិសេសពាក់ព័ន្ធនឹងយុវជន និងស្ត្រីក្នុងវិស័យព័ត៌មាន ឌីជីថល និង AI។ វាគ្មិនមកពីតំបន់សំខាន់ៗ និងសម្ព័ន្ធភាពដៃគូអង្គការ AIDB នឹងធ្វើបទបង្ហាញលើប្រធានបទទាំងនេះ។

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ចាប់ផ្តើមជាផ្លូវការនៅកម្ពុជា

ឯកឧត្ដមបានបន្តថា តាមរយៈគំនិតផ្តួចផ្តើមរបស់ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្ពុជានឹងធ្វើការជាមួយអ្នកឯកទេសទាំងអស់ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការ ប្រឆាំងព័ត៌មានក្លែងក្លាយ។ ក្រៅពីនេះ កម្ពុជានឹងប្រើប្រាស់ មធ្យោបាយការទូតព័ត៌មាន ដើម្បីពង្រឹងទំនាក់ទំនងអន្តរជាតិលើគ្រប់វិស័យ ទាំងប្រព័ន្ធផ្សព្វផ្សាយ និងនយោបាយការទូត ក្នុងគោលបំណង លើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាត្រូវមានលក្ខណៈសម្បត្តិជាមុន ដោយក្នុងកិច្ចប្រជុំនេះ អ្នកជំនាញការនឹងផ្ដល់បទពិសោធន៍ដ៏មានតម្លៃដល់ប្រព័ន្ធផ្សព្វផ្សាយ។ តំណាងវិស័យព័ត៌មានកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកា និងសិក្ខាសាលាជំនាញទាំង ៧ ផងដែរ។

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ចាប់ផ្តើមជាផ្លូវការនៅកម្ពុជា

ឯកឧត្ដមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ កម្ពុជាគឺជាប្រទេសមួយដែលមានភាពសកម្មខ្លាំង។ តំណាងក្រសួងព័ត៌មានកម្ពុជា មានសមត្ថភាព គំនិត និងយោបល់ល្អៗ ចូលរួមកិច្ចប្រជុំដោយភាពសកម្មបំផុត។ ឯកឧត្ដមបានបន្ថែមថា កម្ពុជាបច្ចុប្បន្នបានរីកចម្រើនយ៉ាងលូតលាស់ មិនដូចកាលពីអតីតកាលនោះទេ គឺនៅក្នុងសម័យតេជោ និងសម័យធិបតីនេះ ធនធានមនុស្ស ក៏ដូចជាសមត្ថភាពមន្ត្រីរបស់យើង ក៏កាន់តែខ្ពស់ឡើងជាលំដាប់។

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២៤ ខែកក្កដា ឆ្នាំ២០២៥ នៅសៀមរាបអង្គរ ដោយនឹងផ្ដោតសំខាន់លើការពង្រឹងក្របខ័ណ្ឌនៃការទូតព័ត៌មាន៕

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ចាប់ផ្តើមជាផ្លូវការនៅកម្ពុជា