អាជ្ញាធរជាតិព្រះវិហារទទួលសិលាចារឹក១ ផ្ទាំងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ ពីពលរដ្ឋ
ព្រះវិហារ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ លោក យន់ តារាវុធ អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ និងលោកម៉ក់ ឌឿង អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានទៅទទួលសិលាចារឹកចំនួន១ផ្ទាំងពីលោកសឹម ហេង អាយុ៤៥ឆ្នាំ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលបានប្រទេះឃើញពេលភ្ជួរដីដាំដំឡូង នៅទីតាំងទួលបុរាណស្ថិតនៅខាងលិចប្រាសាទអូរក្រូច ចំងាយប្រមាណ១គីឡូម៉ែត្រយកមករក្សាទុកក្នុងសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ និងសម្រាប់សិក្សាស្រាវជ្រាវ។ ផ្ទាំងសិលាចារឹកនេះ មានបណ្តោយ៤២ ស.ម ទទឹង២៥ ស.ម កម្រាស់៥ ស.ម ចារជាភាសាសំស្រ្កឹត និងភាសាខ្មែរបុរាណ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ (១០០១-១០៥០ គ.ស) ។ អាជ្ញារធរជាតិព្រះវិហារកន្លងមកតែងតែ បានទទួលវត្ថុបុរាណពីបណ្តាអង្គភាពនានា និងបងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញ ហើយស្ម័គ្រចិត្តប្រគល់មកឲ្យសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីថែរក្សា ជាបេតិកភណ្ឌរបស់ជាតិ។
អាជ្ញាធរជាតិព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសឹម ហេង ដែលស្រឡាញ់សម្បត្តិវប្បធម៌ ហើយស្ម័គ្រចិត្តប្រគល់សិលាចារឹកសម្រាប់ថែរក្សាទុក និងបានអរគុណលោក មូល ម៉ាប់ មេឃុំកន្ទួត និងលោក ហ៊ីម យន់ នាយកវិទ្យាល័យស្រអែម ដែលបានចូលរួមសហការ និងផ្តល់ព័ត៌មានមកអាជ្ញាធរជាតិព្រះវិហារទៅទទួលយកសិលាចារឹកនេះ។