ទីបំផុត! Harry Kane ស្គាល់រសជាតិលើកពានលើកដំបូង ក្នុងអាជីព
បន្ទាប់ពីក្រុម Bayer Leverkusen បានភ្លាត់ប្រកួតស្មើ ២-២ ជាមួយ Freiburg កាលពីយប់មិញ បានធ្វើឲ្យក្រុម Bayern Munich ក្លាយជាម្ចាស់ជើងឯក Bundesliga ជាលើកទី៣៤ ខណៈបុរសកម្សត់ពាន Harry Kane ស្គាល់រស់ជាតិពានជាលើកដំបូង ក្នុងអាជីពរបស់ខ្លួន។
នៅកីឡដ្ឋាន Europa-Park កាលពីយប់មិញនេះ ក្រុមម្ចាស់ផ្ទះ Freiburg បាននាំមុខ Leverkusen ២-០ មុនពេលដែល ខ្សែវ្រយុទ្ធ Florian Wirtz និង Jonathan Tah រកបានម្នាក់មួយគ្រាប់ នៅ១០នាទីចុងក្រោយ ។ បញ្ចប់ការប្រកួត៩០នាទី Freiburg ២-២ Leverkusen ។ តាមរយៈលទ្ធផលនេះ Leverkusen ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដោយមាន ៦៨ពិន្ទុ តាមពីក្រោយក្រុម Bayern ៨ពិន្ទុ ខណៈនៅសល់តែពីរប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់។ ដូច្នេះ Bayern មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ពានរង្វាន់ Bundesliga លើកទី ៣៤ របស់ពួកគេ ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ មិនមែនជាការលើកពានរបស់ Bayern Munich នោះទេ តែវាគឺជាការស្គាល់រស់ជាតិពានជាលើកដំបូងរបស់ខ្សែប្រយុទ្ធកម្សត់ពាន Harry Kane ដោយបានបញ្ចប់ការប្រកួតចំនួន ៦៩៤ប្រកួតរបស់ខ្លួន ទាំងនៅក្លឹប និងជម្រើសជាតិ ដោយមិនបានឈ្នះពានជាក្រុម។
កន្លងមក ខ្សែប្រយុទ្ធអង់គ្លេស រូបនេះ បានត្រឹមជើងឯករង ចំនួន ៧ដងមកហើយ ពោលគឺនៅក្នុង Champions League 2019, Premier League 2017, 2015 និង League Cups 2021 ចំណែកនៅជម្រើសជាតិអង់គ្លេស រូបគេបានរងជើងឯក Euro 2020 និង Euro 2024 ។ កាលពីរដូវកាលមុន នៅ Bayern ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះ ក៏បានចាញ់ German Super Cup ក្រោមស្នាដៃក្រុម Leipzig ផងដែរ។
ប៉ុន្មាននាទី បន្ទាប់ពីក្រុមរបស់គាត់ឈ្នះជើងឯក Kane បានបង្ហោះរូប Emoji នៃ Cup នៅលើ Instagram Story របស់គាត់។ ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរូបនេះ ក៏បានចែករំលែកវីដេអូនៃការប្រារព្ធពិធីដោយច្រៀងបទ “We Are the Champions” និងផឹកស្រាសំប៉ាញជាមួយមិត្តរួមក្រុមផងដែរ។
ក្រៅពី Kane គ្រូបង្វឹក Bayern Munich លោក Vincent Kompany ក៏បានឈ្នះ Bundesliga ក្នុងរដូវកាលដំបូងរបស់គាត់ ផងដែរ ។ នេះជាពានធំដំបូងរបស់ Kompany បន្ទាប់ពីឈ្នះជើងឯកជាមួយក្រុម Burnley ក្នុងរដូវកាល ២០២២-២០២៣៕