Close

ផ្លូវជាតិ ៣ ខ្សែនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្អែកនេះហើយ

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
ផ្លូវជាតិ ៣ ខ្សែនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្អែកនេះហើយ ផ្លូវជាតិ ៣ ខ្សែនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្អែកនេះហើយ

ភ្នំពេញ៖ ផ្លូវជាតិ ៣ខ្សែ ប្រវែងសរុប ២០១,៣៦៥គ.ម ភាគនិរតីនៃប្រទេស ដែលបានសាងសង់រួចរាល់ជាស្ថាពរ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ស្អែកនេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះ បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥។

ផ្លូវជាតិ ៣ខ្សែនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្អែកនេះហើយ

ផ្លូវជាតិទាំង ៣ខ្សែនោះ រួមមាន៖
១/ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣៩ គ.ម ចាប់ពីចំណុចបែកគុស(ផ្លូវជាតិលេខ៣)ដល់កំពង់ត្រាច(ផ្លូវជាតិលេខ៣៣)ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។

២/ ផ្លូវជាតិលេខ៣៣ ប្រវែងសរុប ៥២,៥៧៧គ.ម ចាប់ពីខេត្តកំពត(ចំណុចប្រសព្វផ្លូវជាតិលេខ៣)ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម)ជាប្រភេទបេតុងកៅស៊ូA C(កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។

៣/ ផ្លូវជាតិលេខ៤១ ប្រវែងសរុប៩៥,២៦៩ គ.ម ចាប់ពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤)ដល់ជុំគិរី(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៥ ស.ម) ទទឹង១១ម៉ែត្រ។

គម្រោងដ៏ធំនេះ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបច្ចុប្បន្នកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ផ្លូវជាតិទាំង៣ខ្សែនេះ គឺជាផ្លូវមួយដ៏សំខាន់មិនអាចកាត់ថ្លៃបាន ក្នុងការជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗជាអាទិ៍រួមមាន៖ ការដឹកជញ្ជូន,ការធ្វើដំណើរ,ទេសចរណ៍, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែមាត់សមុទ្រភាគនិរិតី៕

ផ្លូវជាតិ ៣ខ្សែនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្អែកនេះហើយ