កម្ពុជាត្រូវការឈាមជិត ១៨ម៉ឺនប្លោក សម្រាប់សង្គ្រោះជីវិតមនុស្សក្នុងមួយឆ្នាំ
សៀមរាប៖ ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការឈាមសម្រាប់សង្គ្រោះជីវិតអ្នកជំងឺទូទាំងប្រទេសប្រមាណជិត ១៨ម៉ឺនប្លោក បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ នេះបេីតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ជារៀងរាល់៥នាទីម្តង កម្ពុជាមានតម្រូវការឈាមមួយប្លោក។ ដូច្នេះនៅទូទាំងប្រទេសគេត្រូវការឈាមប្រមាណ១៨ម៉ឺនប្លោក សម្រាប់សង្គ្រោះជីវិតអ្នកជំងឺ ក្នុងនោះរាជធានីភ្នំពេញមានតម្រូវការឈាមប្រចាំថ្ងៃរហូតដល់ ៣៥០ប្លោក។
លោក សុខ ប៉ូ បានពន្យល់ថា ការផ្តល់ឈាម ក្រៅពីសង្គ្រោះជីវិតមនុស្សបាន វាក៏បានផ្តល់អត្ថប្រយោជន៍ដល់អ្នកបរិច្ចាគផ្ទាល់ផងដែរ ដូចជាទទួលបានការពិនិត្យពិគ្រោះសុខភាពម្តង ធ្វើឲ្យយើងបានដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺថ្លើមប្រភេទបេ សេ ស្វាយ អេដស៍ និងជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកនានា និងកាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង ព្រមទាំងជួយធ្វើឲ្យប្រសើរឡើង នូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជាដើម ។
ជាមួយគ្នានេះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ លោកថា អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា ហើយចងចាំថាការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ ពីមនុស្ស មិនមានរោងចក្រណាអាចផលិតបាននោះទេ ។
លោកអភិបាលរងបន្តថា ការផ្តល់ឈាមក៏ជាប្រធានបទមួយសម្រាប់យើងទាំងអស់គ្នា ហើយយុទ្ធនាការនេះមានគោលបំណងសំខាន់ គឺបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងការជម្រុញលើកកម្ពស់ ឲ្យយុវជនប្រជាពលរដ្ឋទូទៅ ចូលរួមធ្វើសកម្មភាពជាមួយការផ្តល់ឈាម ដើម្បីធានាឲ្យមានការផ្តត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជម្ងឺដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ ៕