ខេត្តសៀមរាប និង ខេត្តឡាមដុងរបស់វៀតណាម ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងខេត្តទាំងពីរ

សៀមរាប៖ ថ្នាក់ដឹកនាំខេត្តសៀមរាប ប្រទេសកម្ពុជា និង ខេត្តឡាមដុង (Lam Dong) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរឡើង ពិសេសការងារវិនិយោគរវាងខេត្តទាំងពីរ។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្តសៀមរាប ជាមួយសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Lam Dong នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២២ ខែមេសានេះ លោក ហ្វាម ហ្សៀវ (Pham Trieu) សមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Lam Dong បានបង្ហាញថា ការអញ្ជើញមកទស្សនកិច្ចខេត្តសៀមរាប នាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងខេត្ត Lam Dong នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើការជំរុញទំនាក់ទំនងប្រជាជន និងប្រជាជន និងការវិនិយោគជាដើម។
ក្នុងនាមលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានថ្លែងនូវការអរគុណចំពោះគណៈប្រតិភូនៃគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Lam Dong នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក សង្ឃឹម និងប្ដេជ្ញាយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរឡើងថែមទៀត៕