សម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត»
កំពត ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត»។
គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លើផ្ទៃដីទំហំជាង ៤ ហិកតាដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុន អេស.ប៊ី.ភី.អេច អ៊ិនជីនារីង & ខន់ស្ត្រាក់សិន ខូអិលធីឌី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន អេស ប៊ី ខេ រីស៊ើច អេនឌីវេឡុបមេន និងបានប្រើប្រាស់ថវិកាក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ១០លានដុល្លារអាម៉េរិក រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ពន្ធអាករផ្សេងៗ ការទ្រទ្រង់លើបន្ទុកបុគ្គលិក និងការបំពាក់ឧបករណ៍សម្ភារបរិក្ខារការិយាល័យជាដើម។
ខេត្តកំពតមានកំពង់ផែចំនួន ៥ សម្រាប់នាំទំនិញចេញ-ចូល និងសម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ។ដោយឡែកកំពង់ផែទេសចរអន្តរជាតិកំពត ជាសមិទ្ធផលថ្មី ដែលបានបើកដំណើរការសាកល្បង និងបានដំណើរការដឹកភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិធ្វើដំណើរទៅតាមបណ្ដាកោះនានា ជាមួយនាវាទំនើបៗ។
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ស្ថិតនៅជាប់នឹងដងព្រែក ដែលមានចម្ងាយ ៦ គីឡូម៉ែត្រពីក្រុងកំពត ។តាមរយៈកំពង់ផែទេសចរណ៍ខេត្តកំពត អាចភ្ជាប់ទៅនឹងកំពង់ផែក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង កោះរ៉ុង ហើយក៏ភ្ជាប់ទៅកំពង់ផែកោះត្រល់ និងកំពង់ផែដទៃទៀតនៅប្រទេសវៀតណាម និងប្រទេសថៃផងដែរ៕