លោក Trump ឱ្យផ្អាកការអនុវត្តយកពន្ធគយចំពោះប្រទេស ៧៥ តែតម្លើងពន្ធប្រទេសចិន ១២៥%
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថាលោកបានអនុញ្ញាតឱ្យផ្អាកការអនុវត្តយកពន្ធគយរយៈពេល ៩០ ថ្ងៃ សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក ប៉ុន្តែលើកលែងតែប្រទេសចិនប៉ុណ្ណោះ ។
នៅក្នុងការបង្ហោះនៅលើ Truth Social លោក Trump បាននិយាយថាលោកកំពុងដាក់ពន្ធគយលើប្រទេសចិនចំនួន ១២៥% លើការនាំចូលទំនិញពីប្រទេសចិន និង «មានប្រសិទ្ធភាពភ្លាមៗ» ដោយសារតែ ប្រទេសនេះខ្វះការគោរពចំពោះទីផ្សារពិភពលោក ។
ជាមួយគ្នានេះ លោក Trump បានឱ្យ ផ្អាកការអនុវត្តចំពោះការយកពន្ធគយ ៩០ថ្ងៃ ចំពោះប្រទេសជាង ៧៥ បន្ទាប់ពីប្រទេសទាំងនេះស្នើសុំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយទីក្រុងវ៉ាស៊ីនតោន។
សេតវិមានបានបំភ្លឺថាការផ្អាករយៈពេល ៩០ ថ្ងៃនឹងអនុវត្តចំពោះប្រទេសមួយចំនួន ប៉ុណ្ណោះ មិនមែនគ្រប់ប្រទេសទាំងអស់ទេ ដោយអនុវត្ត «ពន្ធគយ 10% ជាសកល» ក្នុងពេលដំណាលគ្នានឹងការចរចាពាណិជ្ជកម្ម។
ទីផ្សារសកលបានកើនឡើងភ្លាមៗ បន្ទាប់ពីសន្ទស្សន៍ Dow Jones លោត 2,000 ពិន្ទុក្នុងរយៈពេលប៉ុន្មាននាទីនៃការប្រកាសផ្អាកអនុវត្តពន្ធនេះ ៕