Close

រដ្ឋមន្ត្រីឧស្សាហកម្មស្នើ GGGI និង GCF ដើរតួជាសំឡេងតំណាងឱ្យប្រទេសដែលមានសេដ្ឋកិច្ចតូច

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
រដ្ឋមន្ត្រីឧស្សាហកម្មស្នើ GGGI និង GCF ដើរតួជាសំឡេងតំណាងឱ្យប្រទេសដែលមានសេដ្ឋកិច្ចតូច រដ្ឋមន្ត្រីឧស្សាហកម្មស្នើ GGGI និង GCF ដើរតួជាសំឡេងតំណាងឱ្យប្រទេសដែលមានសេដ្ឋកិច្ចតូច

ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តបានស្នើឱ្យវិទ្យាស្ថាន GGGI និង មូលនិធិ GCF ដើរតួជាសំឡេងតំណាងឱ្យប្រទេសដែលមានសេដ្ឋកិច្ចតូច ដោយតស៊ូមតិលើការអនុវត្តគោលការណ៍បៃតងប្រកបដោយសមធម៌ និងយុត្តិធម៌ ជាពិសេសសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចតូច និងសមត្ថភាពអនុលោមភាពនៅមានកម្រិត។

ការស្នើរបស់លោក ហែម វណ្ឌីនេះ ធ្វើឡើង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងពេល ទទួលជួបគណៈប្រតិភូមកពីវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដឹកនាំដោយលោកស្រី Shomi Kim នាយកប្រចាំប្រទេស ដើម្បីពិភាក្សាអំពីការជំរុញគំនិតផ្តួចផ្តើមឧស្សាហកម្មបៃតងនៅកម្ពុជា។

រដ្ឋមន្ត្រីឧស្សាហកម្មស្នើ GGGI និង GCF ដើរតួជាសំឡេងតំណាងឱ្យប្រទេសដែលមានសេដ្ឋកិច្ចតូច

នាឱកាសនោះ លោក ហែម វណ្ណឌី បានកោតសរសើរវិទ្យាស្ថាន GGGI ដែលបានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងវិស័យកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ។ លោកបានសង្កត់ធ្ងន់លើតុល្យភាពរវាងការធ្វើឱ្យឧស្សាហកម្មកម្ពុជាកាន់តែបៃតង និងការលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្មទាំងនោះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យ GGGI ពង្រីក និងចែករំលែកភាពជោគជ័យនៃកំណើនបៃតង បន្ថែមពីលើប្រសិទ្ធភាពថាមពល ដូចជាការប្រើប្រាស់ទឹក និងការគ្រប់គ្រងកាកសំណល់របស់រោងចក្រជាដើម។ លោកក៏បានស្នើឱ្យ GGGI ផ្តល់ការគាំទ្រក្នុងការរៀបចំគោលការណ៍ណែនាំស្តីពីការបង្កើតសួនអេកូឧស្សាហកម្ម សម្រាប់ជាគំរូនៃការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព។

លើសពីនេះទៀត លោក ក៏បានជំរុញឱ្យមូលនិធិ GCF ពង្រីកគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសក្នុងស្រុកអនុវត្តបច្ចេកវិទ្យា និងដំណោះស្រាបៃតង។

លោក Shomi Kim បានលើកឡើងថា វិទ្យាស្ថាន GGGI បាននិងកំពុងគាំទ្រក្រុមហ៊ុនក្នុងស្រុក ក្នុងការបោះផ្សាយមូលបត្របំណុលបៃតង និងគាំទ្រធនាគារក្នុងស្រុកឱ្យទទួលបានការវាយតម្លៃទទួលស្គាល់ពីមូលនិធិ GCF សម្រាប់ការផ្តល់ហិរញ្ញប្បទានបៃតង។

លោកស្រី  Shomi Kim បានបង្ហាញការប្តេជ្ញាចិត្តរបស់ GGGI ក្នុងការគាំទ្រកំណើនបៃតងរបស់កម្ពុជា តាមរយៈគម្រោងឧស្សាហកម្មបៃតង និងគម្រោងធុរកិច្ចដែលប្រើបច្ចេកវិទ្យាមេត្រីភាពអាកាសធាតុ។ លោកស្រីបានលើកឡើងពីកិច្ចសហការរវាង GGGI និងក្រសួង-ស្ថាប័នរដ្ឋនានា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការកៀរគរហិរញ្ញប្បទានបៃតង។

រដ្ឋមន្ត្រីឧស្សាហកម្មស្នើ GGGI និង GCF ដើរតួជាសំឡេងតំណាងឱ្យប្រទេសដែលមានសេដ្ឋកិច្ចតូច

លោកស្រីបានបន្ថែមថា មូលនិធិអាកាសធាតុបៃតង (GCF) បានកៀរគរមូលនិធិប្រមាណ ២២០ លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុននៅក្នុងប្រទេសអាស៊ានចំនួន ៥ រួមទាំងកម្ពុជា ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអនុវត្តដំណោះស្រាយបៃតងក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

ជាមួយគ្នានេះ លោកស្រីក៏បានលើកឡើងពីការងារដែល GGGI កំពុងអនុវត្ត ដើម្បីផ្សារភ្ជាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ជាមួយក្រុមហ៊ុនសកល លើការជួញដូរឥណទានកាបូន៕

រដ្ឋមន្ត្រីឧស្សាហកម្មស្នើ GGGI និង GCF ដើរតួជាសំឡេងតំណាងឱ្យប្រទេសដែលមានសេដ្ឋកិច្ចតូច