ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១៧លានដុល្លារ ដល់កម្ពុជា
ភ្នំពេញ៖ ប្រទេសជប៉ុនបានផ្ដល់ហិរញ្ញប្បទានឥតសំណងជាង ១៧លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តគម្រោង ចំនួន ២ នៅកម្ពុជា ។
ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ១៧លានដុល្លារ ត្រូវបានចុះហត្ថលេខាដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ។
ទឹកប្រាក់ទាំងនេះ គឺជប៉ុន ផ្ដល់ឱ្យកម្ពុជា យកទៅសម្រាប់អនុវត្តគម្រោង ចំនួន ២រួមមាន៖
១. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៨៥០.០០០.០០០ យ៉េន (ប្រមាណ ១៣.៣០០.០០០ ដុល្លារអាមេរិក) សម្រាប់ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក ។
២. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ៦០០.០០០.០០០ យ៉េន (ប្រមាណ ៤.៣២០.០០០ ដុល្លារសហរដ្ឋអាមេរិក) សម្រាប់ គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស ។
សូមបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងទាំងពីរខាងលើនេះបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញា ចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា ៕