ស្ពានអាកាស “មរតកតេជោ” គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចធិបតីនាពេលខាងមុខនេះ

ភ្នំពេញ៖ ស្ពានអាកាស “មរតកតេជោ” ជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នាពេលខាងមុខនេះ។ នេះ បើតាមលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥។
លោកបន្តថា ស្ពានអាកាស “មរតកតេជោ” នឹងជួយដល់កាត់បន្ថយការខាតបង់ពេលវេលាក្នុងការធ្វើដំណើរ សន្សំសំចៃ សម្រួលលំហូរចរាចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរជាពិសេសពេលរដូវបុណ្យទានម្តងៗដូចជាក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះជាដើម។
លោកសង្កត់ធ្ងន់ទៀតថា សមិទ្ធផលថ្មីៗៗជាបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោ សម្រេចបាន ៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។
ប្រភពដដែលបន្តថា ស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ស្ពានអាកាសនេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។
គួរបញ្ជាក់ថា៖ បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕