CPL រៀបចំសិក្ខាសាលាស្ដីពី បទប្បញ្ញត្តិកីឡាបាល់ទាត់
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL បានរៀបចំសិក្ខាសាលាស្ដីពី បទប្បញ្ញត្តិកីឡាបាល់ទាត់ កាលពីថ្ងៃទី0៣ ខែមីនា ឆ្នាំ ២០២៥ នៅសណ្ឋាគារហ្វ៊ែរហ្វៀល, រាជធានីភ្នំពេញ ។ សិក្ខាសាលានេះ មានវត្តមាននាយកគ្រប់គ្រង់ទូទៅរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ លោក KOO JA HYEON , មន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំនួន ៤នាក់ និងសមាជិក ២១នាក់ផ្សេងទៀត ដែលមកពី ១១ក្លិប នៃលីគកំពូលកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ នាយកគ្រប់គ្រង់ទូទៅរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ លោក KOO JA HYEON បាននិយាយថា ៖« តាមរយៈសិក្ខាសាលានេះ ខ្ញុំសង្ឃឹមថា អ្នកចូលរួមទាំងអស់បានរៀនសូត្រនិងយកចំណេះដឹង ដែលទទួលបាន ទៅអភិវឌ្ឍវិស័យកីឡាបាល់ទាត់របស់កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត»។
សិក្ខាសាលាស្ដីពីបទបញ្បត្តិកីឡាបាល់ទាត់នេះ មានលោក James Kitching ទីប្រឹក្សាបទប្បញ្ញត្តិកីឡាបាល់ទាត់ ជាអ្នកធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗដូចជា ការគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ, ប្រព័ន្ធនៃការផ្ទេរកីឡាករ, កិច្ចសន្យាក្នុងការផ្ទេរកីឡាករ និងគ្រូបង្គោល ជាដើម។
លោក លោក ហ៊ឹម ខេមរា អគ្គលេខាធិការរងនៃក្លិបបាល់ទាត់គិរីវង្សសុខសែនជ័យ និងជាសិក្ខាកាមម្នាក់ក្នុងចំណោមអ្នកចូលរួមផ្សេងទៀត ។ លោក ខេមរា ចាប់អារម្មណ៍លើប្រធានបទកិច្ចសន្យាក្នុងកីឡាបាល់ទាត់ជាងគេ ក្នុងចំណោមប្រធានបទទាំងអស់ ។ ព្រោះលោក ខេមរា យល់ឃើញថា កំឡុងពេលធ្វើការកន្លងមក លោក ខេមរា តែងតែជួបបញ្ហាទៅលើកុងត្រាឬកិច្ចសន្យា ប៉ុន្តែបន្ទាប់ពីលោកបានចូលរួមសិក្ខាសាលានេះរួចហើយ លោកបានស្វែងយល់ច្រើន ហើយលោក ខេមរា ក៏សង្ឃឹមថានៅថ្ងៃខាងមុខបញ្ហាពាក់ព័ន្ធ និងកុងត្រាកីឡាករឬក៏គ្រូបង្គោលត្រូវបានកាត់បន្ថយ ។
គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានរៀបចំសិក្ខាសាលា ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍ វិស័យបាល់ទាត់នៅកម្ពុជា ពោលគឺកាលពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤ សមាជិករបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងថ្នាក់ដឹកនាំរបស់ក្លឹបទាំង១១ បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីជួបពិភាក្សាការងារជាមួយអ្នកគ្រប់គ្រងក្លិប BG Pathum United និងបានចុះពិនិត្យការគ្រប់គ្រងកីឡដ្ឋាន BG Stadium និង BGPU Training Center ដើម្បីបំផុស និងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ក្លិបបាល់ទាត់អាជីពរវាងក្លិបបាល់ទាត់ BG Pathum United របស់សមាគមបាល់ទាត់នៃប្រទេសថៃ និងក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ របស់ប្រទេសកម្ពុជា៕