សម្ព័ន្ធមិត្តរបស់លោក Trump ដាក់សម្ពាធឱ្យលោក Zelenskiy ផ្លាស់ប្តូរជំហរ ឬលាលែងពីតំណែង
វ៉ាស៊ីនតោន៖ សមាជិកគណបក្សសាធារណរដ្ឋកំពូលៗ រួមដៃជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃអាទិត្យ ឱ្យផ្លាស់ប្តូរជំហររបស់ខ្លួនចំពោះ សង្រ្គាមជាមួយរុស្ស៊ី ឬដើរចេញពីដំណែងរបស់ខ្លួន។ ជាមួយគ្នានោះ សមាជិកកំពូលទាំងនោះបានបង្កើនការដាក់សម្ពាធលើមេដឹកនាំអ៊ុយក្រែនរូបនេះ បន្ទាប់ពីកិច្ចប្រជុំនៅសេតវិមានដ៏ចម្រូងចម្រាសមួយកាលពីសប្តាហ៍មុន។
ទោះជាយ៉ាងណា មេដឹកនាំរបស់ប្រទេសអឺរ៉ុបបានផ្តល់ការគាំទ្រដល់ លោក Zelenskiy នៅឯកិច្ចប្រជុំនៅទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យ ដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជំរុញឱ្យសមភាគីរបស់ខ្លួនបង្កើនកិច្ចខិតខំប្រឹងប្រែងការពាររបស់ពួកគេ បន្ទាប់ពី លោក Trump និងអនុប្រធានាធិបតី លោក JD Vance បានប៉ះទង្គិចជាមួយ លោក Zelenskiy នៅក្នុងការិយាល័យ Oval ដែលធ្វើឱ្យចាកចេញលឿនដោយមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដែលបានគ្រោងទុក។
ការប៉ះទង្គិចនេះ បានធ្វើឱ្យមេដឹកនាំជុំវិញពិភពលោកមានការភ្ញាក់ផ្អើល និងបានចោទជាសំណួរអំពីដំណាក់កាលបន្ទាប់នៃសង្រ្គាម ដែលរុស្ស៊ីបានចាប់ផ្តើមដោយការឈ្លានពានអ៊ុយក្រែនកាលពីបីឆ្នាំមុន និងការខិតខំប្រឹងប្រែងរបស់លោក Trump ដើម្បីបញ្ចប់សង្រ្គាមនោះ ។
នាពេលនោះ លោក Zelenskiy បានប្រកែកនៅក្នុងកិច្ចប្រជុំថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ ២០១៩ និងបានចាត់ទុកថា ឃាតករ និងជាភេរវករ។
ចំណែក ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump លោក Mike Waltz បាននិយាយដោយភាពមិនច្បាស់លាស់ ថា លោក Zelenskiy បានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាបញ្ចប់សង្រ្គាម។ ជាមួយគ្នានោះ លោក Waltz បានគូសបញ្ជាក់អំពីគោលដៅរបស់លោក Trump សម្រាប់សន្តិភាពអចិន្ត្រៃយ៍រវាងទីក្រុងម៉ូស្គូ និងទីក្រុង Kyiv ដែលពាក់ព័ន្ធនឹងសម្បទានទឹកដីជាថ្នូរនឹងការធានាសន្តិសុខដែលដឹកនាំដោយអឺរ៉ុប។
នៅពេលសួរថាតើលោក Trump ចង់ឱ្យលោក Zelenskiy លាលែងពីតំណែងដែរឬទេ? លោក Waltz បានប្រាប់ CNN ថា «យើងត្រូវការអ្នកដឹកនាំដែលអាចដោះស្រាយជាមួយយើង និងដោះស្រាយជាមួយរុស្ស៊ីនិងបញ្ចប់សង្រ្គាមនេះ»។
សមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham នៃរដ្ឋ South Carolina ដែលជាសម្ព័ន្ធមិត្តកំពូលរបស់ លោកTrump និងជាអ្នកតស៊ូមតិសម្រាប់អ៊ុយក្រែនបានចោទសួរថាតើសហរដ្ឋអាមេរិកនៅតែអាចធ្វើការជាមួយ លោក Zelenskiy បន្ទាប់ពីការប៉ះទង្គិចនៅសេតវិមានដែរឬទ? ។
ចំណែក ប្រធានសភាតំណាងរាស្រ្ត លោក Mike Johnson បានចេញសារស្រដៀងគ្នាកាលពីថ្ងៃអាទិត្យ។ជាមួយគ្នានេះ ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក លោក Bernie Sanders ដែលជាអ្នកឯករាជ្យមកពីរដ្ឋ Vermont ដែលចុះសម្រុងជាមួយគណបក្សប្រជាធិបតេយ្យបានលើកឡើងដែរថា លោក Zelenskiy គួរតែលាលែងពីតំណែង៕
https://www.reuters.com/world/rubio-says-he-has-not-spoken-with-ukraines-zelenskiy-since-friday-white-house-2025-03-02/