Close

មជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert សម្ពោធដាក់ឱ្យដំណើការជាផ្លូវការ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
មជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert សម្ពោធដាក់ឱ្យដំណើការជាផ្លូវការ មជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert សម្ពោធដាក់ឱ្យដំណើការជាផ្លូវការ

ភ្នំពេញ៖ មជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert របស់ក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរែល ត្រូវបានសម្ពោធដាក់ឱ្យដំណើការជាផ្លូវការ។ ពិធីសម្ពោធ ត្រូវបានរៀបចំធ្វើ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរោងចក្រខនហ្វីរែល ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

នាឱកាសនោះ លោកស្រី រដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរែល ចំពោះភាពរីកចម្រើន និងការឈានទៅមុខមួយជំហានទៀតរហូតសម្រេចបានមជ្ឈមណ្ឌលកែច្នៃ និងអភិវឌ្ឍន៍ម្ហូបអាហារ ព្រមទាំងការរៀបចំឱ្យមានមន្ទីរពិសោធន៍ Labiocert នេះឡើង ដែលនឹងចូលរួមចំណែកជាច្រើនក្នុងការលើកកម្ពស់ការកែច្នៃ និងពង្រឹងគុណភាពម្ហូបអាហារ ក៏ដូចជាផលិតផលខ្មែរទាំងមូល។

មជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert សម្ពោធដាក់ឱ្យដំណើការជាផ្លូវការ

លោកស្រី រដ្ឋមន្ត្រី បានបន្តថា ការបញ្ជាក់អំពីគុណភាពចំណីអាហារនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្ដល់នូវសេចក្ដីទុកចិត្តដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន ជាពិសេសការអភិវឌ្ឍម្ហូបអាហារប្រកបដោយគុណភាព ជាលក្ខខណ្ឌចាំបាច់មួយ ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវជម្រើសផលិតផលម្ហូបអាហារថ្មីៗ មានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់ សម្រាប់ទទួលទានប្រចាំថ្ងៃ និងអាចឈានទៅដល់ការនាំចេញទៅទីផ្សារអន្តរជាតិ ដើម្បីឱ្យពិភពលោកបានស្គាល់នូវសិល្បៈនៃការធ្វើម្ហូបរបស់ខ្មែរ និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទទួលយកបទពិសោធន៍ម្ហូបអាហារដោយផ្ទាល់នៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកស្រី រដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដើម្បីចូលរួមលើកស្ទួយការកែច្នៃ និងអភិវឌ្ឍម្ហូបអាហារ និងផលិតផលកម្ពុជា រួមមាន៖ ១. លើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ អ្នកផលិត អ្នកកែច្នៃ និងអាជីវករ ចាប់យកនូវឱកាសមួយនេះ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យម្ហូបអាហាររបស់យើងឱ្យបានកាន់តែប្រសើរ និងមានភាពទាក់ទាញកាន់តែខ្លាំងឡើង ២. លើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តកិច្ចសហការជាមួយដៃគូពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស និងសកលវិទ្យាល័យនិងគ្រឹះស្ថានស្រាវជ្រាវនានា ក្នុងការសិក្សាស្រាវជ្រាវវិធីសាស្រ្តថ្មីៗ ការលើកកម្ពស់គុណភាព និងការបង្កើនការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ៣. លើកទឹកចិត្តឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ទាំងម៉ាក គំនូរឧស្សាហកម្ម ប្រកាសនីយបត្រតក្កកម្ម ឬសិទ្ធិអ្នកនិពន្ធ ដើម្បីការពារនូវកិច្ចខិតខំប្រឹងប្រែងនិងរបកគំហើញថ្មីៗដែលក្រុមហ៊ុនបានរកឃើញ ៤. លើកទឹកចិត្តឱ្យសហការជិតស្និទ្ធ ជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីទទួលបានព័ត៌មាននិងលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល ឱកាសក្នុងការចាប់ដៃគូពាណិជ្ជកម្ម និងការបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និង ៥. លើកទឹកចិត្តឱ្យចូលរួមឱ្យបានសកម្មនៅរាល់ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងបេសកកម្មពាណិជ្ជកម្មនានា ដែលក្រសួងពាណិជ្ជកម្មរៀបចំ ដើម្បីផ្សព្វផ្សាយបន្ថែមអំពីកិត្តិនាមផលិតផលកម្ពុជា និងស្វែងរកកាលានុវត្តភាពធុរកិច្ចនិងវិនិយោគថ្មីៗ បន្ថែមទៀត៕

មជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert សម្ពោធដាក់ឱ្យដំណើការជាផ្លូវការ