Close

រដ្ឋចំណាយប្រាក់ជិត២លានដុល្លារទិញស្ថានីយបូមទឹកក្នុងខេត្តកំពង់ធំ ដែលនឹងសម្រួលដល់ការ​ចំណាយរបស់កសិករពាក់កណ្ដាល

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋចំណាយប្រាក់ជិត២លានដុល្លារទិញស្ថានីយបូមទឹកក្នុងខេត្តកំពង់ធំ ដែលនឹងសម្រួលដល់ការ​ចំណាយរបស់កសិករពាក់កណ្ដាល រដ្ឋចំណាយប្រាក់ជិត២លានដុល្លារទិញស្ថានីយបូមទឹកក្នុងខេត្តកំពង់ធំ ដែលនឹងសម្រួលដល់ការ​ចំណាយរបស់កសិករពាក់កណ្ដាល

(កំពង់ធំ)៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចំណាយថវិកា ខ្ទង់២លានដុល្លារអាមេរិក ដើម្បីទិញស្ថានីយបូមទឹកទាំងអស់នៅក្នុងខេត្តកំពង់ធំ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករក្នុងការបូមទឹកទៅបង្កបង្កើនផលដំណាំ។ ការប្រកាសនេះផងដែរ ធ្វើឡើងនៅក្នុងពិធីអបអរបុណ្យទន្លេនាខេត្តកំពង់ធំ ក្នុងល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

តាមការថ្លែងឱ្យដឹងរបស់សម្ដេច គឺរាជរដ្ឋាភិបាលបានទិញយកស្ថានីយបូមទឹកទាំងអស់ដែលមានតម្លៃជិត២លានដុល្លារ។ ការទិញយកស្ថានីយបូមទឹកនេះធ្វើឡើងក្រោយមើលឃើញថា ប្រជាកសិករនៅខេត្តកំពង់ធំប្រើប្រាស់ទឹករបស់វិស័យឯកជន ដែលគេយកតម្លៃ ១,២០០,០០០ រៀល ក្នុងមួយ​ហិកតា។

សម្រាប់ការទិញស្ថានីយបូមទឹកឱ្យមកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋនេះ ការចំណាយរបស់ប្រជាកសិករនឹងត្រូវបានសម្រួលអស់ពាក់កណ្ដាល ពោលគឺមួយហិកតាមានតម្លៃត្រឹមតែ ៦០ម៉ឺនរៀល ប៉ុណ្ណោះ ខណៈដែលថ្លៃភ្លើងសម្រាប់បូមទឹកឱ្យកសិករចុះមកនៅត្រឹម ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។

តាមរយៈការជួយសម្រួលដល់កសិករខេត្តកំពង់ធំបែបនេះ សម្ដេចតេជោ បានដាក់ការសង្ឃឹមថា ប្រជាពលរដ្ឋនឹងទទួលបាននូវផលប្រយោជន៍កាន់តែច្រើនបន្ថែមទៀត ពិសេសផលចំណេញតែម្ដង។ បន្ថែមពីនេះ សម្ដេចបានលើកទឹកចិត្តភាគីពាក់ព័ន្ធឲ្យធ្វើកិច្ចការងារនេះឲ្យបានល្អជាទីបំផុត ទាំងផ្ទៃ​ដីដែលរដ្ឋផ្ដល់កម្មសិទ្ធិ ទាំងផ្ទៃដីដែលអាស្រ័យផល ត្រូវខិតខំធ្វើយ៉ាងមិចឲ្យប្រជាពលរដ្ឋ ទទួលបានផលប្រយោជន៍ពិតប្រាកដពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

ការជួយបែបនេះទៅដល់កសិករ ក៏ជាផ្នែកមួយក្នុងការជំរុញផលិតកម្មកសិកម្មនៅក្នុងស្រុកផងដែរ ដោយសម្ដេចមានបំណងចង់ទាក់ទាញភ្ញៀវទេសចរមកបន្ថែម ហើយនឹងយកកសិផលពីប្រជាកសិករ ទៅផ្គត់ផ្គង់ឱ្យទេសចរណ៍តែម្ដង ដែលសម្ដេចហៅថាជាការ «នាំចេញនៅនឹងកន្លែង»៕

អត្ថបទទាក់ទង