កម្ពុជា ឈ្នះ មេដាយមាស ១គ្រឿង លេីកីឡាជឺជីតស៊ូ នៅអាមេរិក
កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានឈ្នះមេដាយមាសមួយគ្រឿង នៅព្រឹត្តិការណ៍ ជឺជីតស៊ូ កម្រិតអន្តរជាតិ Jiu-Jitsu World League California X កាលពីថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។
កីឡាករ មឿនលីម សុបញ្ញា ត្រូវបាន សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បញ្ជូន ទៅហ្វឹកហាត់នៅក្លិប Art of Jiu-Jitsu Academy របស់សហរដ្ឋ អាមេរិក កាលពីដើមខែមករា និង ត្រូវ ចំណាយពេលហ្វឹកហាត់នៅទីនោះ រយៈ ពេល ៣ខែ ដើម្បីត្រៀមខ្លួន ប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗ។
វាជាផ្នែកមួយ នៃព្រឹត្តិការណ៍ Jiu-Jitsu World League រៀបចំការ ប្រកួតជឺជីតស៊ូ ទូទាំងសហរដ្ឋ អាមេរិក ដែលមានកីឡាករ កីឡាការិនី អន្តរជាតិចូលរួមប្រកួត គ្រប់កម្រិត រាប់ ចាប់តាំងពី កម្រិតទាប រហូតដល់ អាជីព។
សុបញ្ញា បានចុះឈ្មោះប្រកួត វិញ្ញាសា Gi ទម្ងន់ ៨២.៥ គីឡូក្រាម ដែលមាន កីឡាករចំនួន ២២នាក់ មកពីក្លិប ផ្សេង ៗ នៅសហរដ្ឋអាមេរិក។ នៅជុំ ទី១ កីឡាករវ័យ១៩ឆ្នាំ រូបនេះ ទទួលបាន ជ័យជម្នះ ដោយដៃគូ បានបោះបង់ ចោលការប្រកួត។ នៅវគ្គ ៨នាក់ ចុង ក្រោយ រូបគេបានយកឈ្នះ កីឡាករ Ayden Manuel ដោយ ឃ្លេ សុំចុះ ចាញ់ និង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានយកឈ្នះ កីឡាករ Joey Montes ដោយ ឃ្លេ ឲ្យចុះចាញ់ និង វគ្គផ្តាច់ព្រ័ត្រ បានផ្តួលកីឡាករ Pedro Emel តាមរយៈ ឃ្លេ ឲ្យចុះ ចាញ់ ដើម្បីក្លាយជាម្ចាស់េមដាយ មាស៕