Close

កម្ពុជានឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនៅចុងខែនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
កម្ពុជានឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនៅចុងខែនេះ កម្ពុជានឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនៅចុងខែនេះ

សៀមរាប៖ អាជ្ញាធរអាកាសចរណ៍របស់កម្ពុជា នឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមការរៀបចំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយអាជ្ញាធរខេត្តសៀមរាប និងអង្គភាពស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់នូវការសម្របសម្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលកើតឡើងនៅអាកាសយានដ្ឋាន។

ក្នុងកិច្ចប្រជុំត្រៀមសម្រាប់ការធ្វើសមយុទ្ធនៅសាលប្រជុំអាកាសយាដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក សេង រ៉ាវុធ អគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ការធ្វើសមយុទ្ធនេះ ជាតម្រូវការចាំបាច់ដែលគ្រប់អាកាសយានដ្ឋានអន្តរជាតិត្រូវធ្វើ ដើម្បីវាយតម្លៃថាមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងគ្រាមានអាសន្នណាមួយនៅក្នុងអាកាសយានដ្ឋាន ឬនៅជិតនោះ។

កម្ពុជានឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនៅចុងខែនេះ

លោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បញ្ជាក់ថា ការធ្វើសមយុទ្ធនេះ ជាផែនការគ្រប់គ្រងគ្រោះអាសន្ន វាបានកំណត់យ៉ាងច្បាស់នូវតួនាទីរបស់អ្នកពាក់ព័ន្ធទាំងអស់ ទាំងក្នុង និងក្រៅអាកាសយានដ្ឋាន។ បន្ថែមពីនេះទៀត ផែនការនេះបានធ្វើការទំនាក់ទំនង យល់ដឹង និងរៀបចំជាស្រេច ក្នុងបំណងដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពក្នុងគ្រោះអាសន្នមួយដែលកើតមាននៅក្នុងបរិវេណ ឬក្បែរអាកាសយានដ្ឋាន។

លោក បន្ថែមថា សមយុទ្ធនេះក៏ជាការរៀបចំកម្លាំងមនុស្ស សម្ភារៈបរិក្ខារ មធ្យោបាយនានា និងធនធានដទៃទៀតដែលមាន ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលធ្វើអន្តរាគមន៍ និងប្រតិបត្តិការស្ដារស្ថានភាពឱ្យប្រសើរឡើងវិញ។

ជាមួយនឹងការធ្វើសមយុទ្ធនេះ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមកុំមានការភ្ញាក់ផ្អើល ចំពោះសមយុទ្ធនាថ្ងៃទី២៧ ខែកុម្ភៈនេះ។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់បណ្តាអាជ្ញាធរក្រុងស្រុកដែលនៅតាមតម្រាយផ្លូវរបស់រថយន្តសង្គ្រោះឆ្លងកាត់ឱ្យពួកគាត់បានដឹងអំពីព្រឹត្តិការណ៍នេះ ជៀសវៀងការយល់ច្រឡំណាមួយកើតឡើង៕


អត្ថបទទាក់ទង