លោក Trump ចង់ទិញបណ្តាញសង្គម TikTok
អាមេរិក៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចបង្កើតមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់សហរដ្ឋអាមេរិក សម្រាប់គ្រោងទុកក្នុងការទិញបណ្តាញសង្គម TikTok។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times លោក Donald Trump បានចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គម TikTok ចំពេលមានការចរចាអំពីអនាគតនៃកម្មវិធីវីដេអូ ចិន(TikTok)នេះ ។
ប្រធានាធិបតីអាមេរិកបានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា “GREAT INTEREST IN TIKTOK!
លោក Trump បានអនុញ្ញាតឱ្យប្រើប្រាប់បណ្តាញសង្គម TikTokវិញ នៅថ្ងៃដំបូងរបស់ លោកនៅក្នុងការិយាល័យដោយផ្តល់ឱ្យក្រុមហ៊ុន ៧៥ ថ្ងៃដើម្បីស្វែងរកអ្នកទិញអាមេរិក។
កាលពីថ្ងៃច័ន្ទ លោកTrump ក៏បានប្រកាសពីផែនការសម្រាប់ការបង្កើតមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់សហរដ្ឋអាមេរិក ដែលលោកបាននិយាយថាអាចប្រើដើម្បីទិញ TikTok ។
លោកបាននិយាយថា «យើងអាចដាក់ [TikTok] នៅក្នុងមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព» ។
លេខាធិការរតនាគារ Scott Bessent បាននិយាយអំពីមូលនិធិនេះថា «យើងនឹងរក្សារឿងនេះក្នុងរយៈពេល ១២ ខែបន្ទាប់» ។
ទោះជាយ៉ាងណាព័ត៌មានលម្អិតជុំវិញមូលនិធិនេះ នឹងដំណើរការបែបណានោះ មិនទាន់មានអ្នកចេញមុខមកធ្វើអត្ថាធិប្បាយភ្លាមៗនៅឡើយទេ ៕