អ្នកទេសចរណ៍ទស្សនាហ្វូងសត្វស្លាបជាង ១០០ប្រភេទ នារដូវនេះ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
តាកែវ៖ អ្នកទេសចរណ៍អាចមកទស្សនាហ្វូងសត្វស្លាបជាង ១០០ប្រភេទ នារដូវនេះ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ ។
តំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ជាតំបន់ដីសើមមួយស្ថិតនៅតាមដីសណ្តរទន្លេមេគង្គក្រោមភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានផ្ទៃដីទំហំ៨,៣០៥ ហិចតា។
តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជា១៣២ប្រភេទ កំពុងមានវត្តមាន និងរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តទៅតាមរដូវកាល។
សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិនេះ មានស្ថានភាពរយៈពេល៦ ខែទឹក និងមានរយៈពេល៦ខែគោក។ ប្រភេទសត្វកម្រនិងសំខាន់ៗរួមមាន សត្វក្រៀល ចាបព្រៃវែង ទុងប្រផេះ ស្មោញ ត្រដក់ធំ ត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៍ជាដើម។
លើសពីនេះប្រភេទសត្វស្លាប សំបូរជាងគេមានសត្វចង្កៀលខ្យង ក្រសារប្រផេះ ក្រសារធ្នង់ កុកគ្រោងតូច គ្រោងធំ គ្រោងមធ្យម កុកក្រកក្បាលត្នោតខ្ចី ក្អែកទឹកតូច ទាកាបព្រៃ ទាព្រៃក្បាលឆ្នូតពណ៌សជាដើម៕