សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ទេរវ៉ាក់សាំងចំនួន១៥លានដូស ដែលមិនទាន់ដឹកមកកម្ពុជាទៅឱ្យមិត្តចិនវិញ ដើម្បីចែកជូនទៅដល់ប្រទេសដទៃ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរវ៉ាក់សាំងចំនួន១៥លានដូស ដែលមិនទាន់ដឹកមកកម្ពុជាទៅឱ្យមិត្តចិនវិញ ដើម្បីចែកជូនទៅដល់ប្រទេសដទៃ។
សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីបិទសន្និបាតសុខាភិបាលកាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះបានមានប្រសាសន៍ថា ដោយសារតែពេលនេះកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ ហើយចំនួនចាក់វ៉ាក់សាំងរបស់ប្រជាពលរដ្ឋក៏មានការថយចុះផងដែរ ដូច្នេះសម្ដេចសូមផ្ទេរវ៉ាក់សាំងនេះទៅឲ្យមិត្តចិនវិញ ពីព្រោះថាវ៉ាក់សាំងបើសិនជាទុកយូរអាចនឹងហួសសុពលភាព។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវទស្សនទានថា ជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងជំងឺឆ្លងផ្សេងទៀតដែលកើតឡើងជាយថាហេតុ និងជំងឺឆ្លងផ្សេងទៀត រួមនឹងហានិភ័យគ្រោះធម្មជាតិ គឺនៅតែជាការគំរាមដល់សុខភាពសាធារណៈនៅឡើយ។ ក្នុងបរិការណ៍នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីសូមជំរុញឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមខ្លួន និងលើកកម្ពស់សមត្ថភាពក្នុងការការទប់ស្កាត់ ដើម្បីកាត់បន្ថយហានិភ័យនានាដែលអាចកើតមានឡើងដល់ប្រជាជន។
សម្ដេចតេជោបានមានប្រសាសន៍រំលឹកផងដែរថា ៖ «ក្រោយរបប ប៉ុល ពត ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើង គឺត្រឹមតែគិតថាធ្វើម៉េច” ហូបអោយបានឆ្អែត” បន្ទាប់មកទៀតគឺគិតថាធ្វើម៉េច “ហូបឱ្យបានឆ្អែតហើយឆ្ងាញ់” តែឥឡូវដល់ដំណាក់នេះ គឺត្រូវគិតថា “ហូបឱ្យ ឆ្អែត ឱ្យឆ្ងាញ់ និងអោយមានសុវត្ថិភាព” ថែមទៀត។ ដូច្នេះ ត្រូវគិតគូរអំពីសុវត្ថិភាពម្ហូបអាហារជាចាំបាច់មុននឹងទទួលទាន»។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីក្ដីសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរថ្នាក់ក្រោមជាតិ នឹងបន្តអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ប្រកបដោយប្រសិទ្ធភាពលើកិច្ចការទាំងអស់នេះ។
ជាទីបញ្ចប់ ជាមួយនឹង «ការប្រកាសបិទសន្និបាតសុខាភិបាលលើកទី៤២នេះ» សម្ដេចតេជោ សូមប្រសិទ្ធពរជូនសមេ្តច ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គសន្និបាតទាំងមូល សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ បន្ទាប់មកសម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបំពាក់មេដាយ និងគ្រឿងឥស្សរយសជូនដល់មន្ត្រីសុខាភិបាលជាច្រើនរូបផងដែរ៕