ខេត្តកំពង់ចាម មានផែនការសាងសង់សារមន្ទីរវប្បធម៌ ដើម្បីរក្សាទុកវត្ថុបុរាណ និងបម្រើដល់វិស័យទេសចរណ៍
កំពង់ចាម៖ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី ៧ នៃរដ្ឋសភា នៅសាលប្រជុំសាលាខេត្តកំពង់ចាម នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានលើកឡើងថា រដ្ឋបាលខេត្តមានផែនការសាងសង់សារមន្ទីរវប្បធម៌ប្រវត្តិសាស្រ្តមួយកន្លែង ដើម្បីរក្សាទុកវត្ថុបុរាណ និងបម្រើដល់វិស័យទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាផងដែរ ។
កិច្ចប្រជុំខាងលើនេះ គណៈកម្មការទី៧នៃរដ្ឋសភា ដឹកនាំដោយ លោកប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា សំណេះសំណាលជាមួយ លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងសហការី ក្នុងគោលបំណងឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធ នឹងវិស័យទាំងបួន ដែលគណៈកម្មការទទួលខុសត្រូវ។
លោកអភិបាលខេត្ត បានលើកឡើងថា ដោយសារកន្លងទៅ ក្នុងខេត្តកំពង់ចាមបានរកឃើញវត្ថុបុរាណច្រើន ដូច្នេះដើម្បីឲ្យមានកន្លែងទុកដាក់វត្ថុបុរាណទាំងនោះឲ្យបានសមរម្យ នៅក្នុងឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តមានផែនការសាងសង់សារមន្ទីរវប្បធម៌ប្រវត្តិសាស្ត្រមួយកន្លែង ដើម្បីប្រមូលវត្ថុបុរាណដែលនៅរាយប៉ាយទាំងអស់នោះ យកមករក្សាទុក និងបម្រើដល់វិស័យទេសចរណ៍ក្នុងខេត្តផងដែរ ពោលគឺ នឹកពេលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនកិច្ចនៅខេត្តកំពង់ចាម ពួកគាត់អាចចូលទៅទស្សនា វត្ថុបុរាណនៅក្នុងសារមន្ទីរ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ប្រវត្តិសាស្ត្រនៅក្នុងខេត្តកំពង់ចាមផងដែរ។
លោកអភិបាលខេត្ត បានលើកឡើងទៀតថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មានភ្ញៀវទេសចរណ៍បរទេស បានចូលមកទស្សនកិច្ចក្នុងខេត្តកំពង់ចាម ជាពិសេសតាមផ្លូវទឹក មានកប៉ាល់ទេសចរណ៍ធំៗ ចតនៅមាត់ទន្លេក្នុងក្រុងកំពង់ចាម ទើបមានរថយន្តមកទទួល ដឹកទៅទស្សនកិច្ចតាមបណ្ដារមណីយដ្ឋានផ្សេងៗ ។ ដូច្នេះប្រសិនបើមានភ្ជាប់ជាមួយសារមន្ទីរផ្សព្វផ្សាយវត្ថុបុរាណប្រវត្តិសាស្រ្តមួយកន្លែងទៀត នោះកាន់តែប្រសើរ ។