ប្រពន្ធកូនរបស់ Havertz ត្រូវបានគេគំរាមសម្លាប់ ក្រោយ Arsenal ចាញ់ Man Utd
ភរិយារបស់ខ្សែប្រយុទ្ធ Kai Havertz ដែលមានឈ្មោះថា Sophia និងកូន ដែលមិនទាន់កើត បានទទួលការគំរាមកំហែងដល់ជីវិត បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បានចាញ់ ក្រុមបិសាចក្រហម Man Utd ក្នុងពានរង្វាន់ FA Cup។
កាលពីថ្ងៃទី ១៣ ខែមករា នាង Sophia បានបង្ហោះរូបថតអេក្រង់ នៃសារចំនួនពីរ ដែលនាងបានទទួលនៅលើ Instagram បន្ទាប់ពីការប្រកួតនៅ Emirates រវាង Arsenal និង Man United បានបញ្ចប់។សារទីមួយបានសរសេរថា “ខ្ញុំសង្ឃឹមថា អ្នកនឹងរលូតកូន” ខណៈពេលដែលសារទីពីរគឺធ្ងន់ធ្ងរជាង ដោយគំរាមកំហែង “សម្លាប់” កូនរបស់ Sophia និង Havertz។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស ពេលនេះ Arsenal កំពុងស៊ើបអង្កេតលើសារគំរាមកំហែង ដែលផ្ញើទៅកាន់ Sophia ដោយបានស្នើសុំក្រុមហ៊ុនបច្ចេកវិទ្យាទិន្នន័យ Signify ដើម្បីកំណត់អត្តសញ្ញាណអ្នកផ្ញើមកនោះ បន្ទាប់មក ក្លឹបនឹងរាយការណ៍ទៅប៉ូលីស។
គួរឲ្យដឹងថា Havertz ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីបង្ហាញទម្រង់លេងមិនសូវល្អ ខណៈដែល Arsenal ត្រូវបានធ្លាក់ចេញពី FA Cup ក្នុងជុំទី៣។ ខ្សែប្រយុទ្ធអាឡឺម៉ង់ រូបនេះ បានខកខានឱកាសចំនួនពីរលើកក្នុងម៉ោង ហើយបន្ទាប់មក ថែមទាំងស៊ុតបាល់ប៉េណាល់ទី មិនចូល ដែលធ្វើឲ្យ Arsenal ចាញ់ Man United ក្នុងលទ្ធផល ៣-៥។
Havertz វ័យ ២៥ឆ្នាំ បានចូលរួមជាមួយ Arsenal ក្នុងតម្លៃខ្លួន ៨២លានដុល្លារក្នុងឆ្នាំ ២០២៣ ដោយទទួលបានប្រាក់ពលកម្ម ២៦៥,000ដុល្លារក្នុងមួយសប្តាហ៍។ រូបគេស៊ុតបញ្ចូលទីបាន ២៦គ្រាប់ ក្នុង ៧៨ប្រកួត៕