Close

គម្រោងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបនឹងបើកដំណើរការជាផ្លូវការ នៅខែតុលា ខាងមុខនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គម្រោងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបនឹងបើកដំណើរការជាផ្លូវការ នៅខែតុលា ខាងមុខនេះ គម្រោងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបនឹងបើកដំណើរការជាផ្លូវការ នៅខែតុលា ខាងមុខនេះ

ភ្នំពេញ ៖ គម្រោងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបគ្រោងដាក់ឲ្យដំណើរការសាកល្បង នៅខែមិថុនាខាងមុខ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែតុលា ឆ្នាំ២០២៣ នេះ ខណៈរហូតមកដល់ពេលនេះ ការសាងសង់ព្រលានយន្តហោះអន្តរជាតិនេះសម្រេចបាន ៨៦ ភាគរយហើយ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group ដែលសាងសង់អាកាសយានដ្ឋានសៀមរាបអង្គរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

តាមការឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងនៅក្រោយជំនួប ថាលោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment group បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខសម្ដេចតេជោ ពី សំណាក់ឯកឧត្តមអគ្គលេខាធិការបក្ស ខេត្តយូណាន និងឯកឧត្តមអភិបាលខេត្តយូណាន។

លោក Liu Minglinបានគោរពជម្រានជូនសម្ដេចតេជោ ហ៊ុន សែន អំពីវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខផងដែរ។

លោក Liu Minglin ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីបំណងចង់ធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបឲ្យបានទូលំទូលាយដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា ហើយ លោកបានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនរបស់លោកដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយជាមួយនឹងវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គរ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការ ហោះហើរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមក ព្រលានយន្តហោះខេត្តសៀបរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ។ សម្តេចតេជោក៏បានស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយដើម្បីទាក់ទាញឲ្យមានការហោះហើរមកកាន់ខេត្តសៀមរាប និងបំណងនាំទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តសៀមរាបនិងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាប។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនអាចពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេ សក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតនៅក្នុងលំដាប់ 4E ដោយមានផ្លូវរត់ប្រវែង ៣ ៦០០ ម៉ែត្រ ទទឹង ៤៥ ម៉ែត្រ មាន ៣៨ ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ ម៉ឺនម៉ែត្រការ៉េដែលអាចទទួលអ្នកដំណើរប្រចាំឆ្នាំបានប្រមាណ ៧ លាននាក់ និងស្ថិតក្រោមកិច្ចព្រមព្រៀងគម្រោងវិនិយោគ BOT ៥៥ ឆ្នាំ។

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិនក្នុងចំនួនទឹកប្រាក់ ៨៨០ លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ ហិកតា នៅក្នុងឃុំពពេល ស្រុកសូទ្រនិគម ជាយក្រុងសៀមរាប កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០៕

អត្ថបទទាក់ទង