នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន»
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨ នៅទីលាន ឈុន អូន ហ្គហ្វ រីសត នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
ក្នុងពិធីបើកការប្រកួតកីឡាវាយកូនគោលនេះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» លើកទី៨នេះ ដឹកនាំរៀបចំដោយលោកសន្តិបណ្ឌិត នេត សារឿន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការដឹកនាំ ដោយសហការជាមួយក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងទីលានវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា ឈុន អូន និងអ្នកឧកញ៉ា ហ៊ុន តូ ដែលបានជួយគាំទ្រ និងឧបត្ថម្ភជ្រោមជ្រែង សម្រាប់ការប្រកួតកីឡាលើកនេះ និងថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំ ចំណាយពេលវេលា កម្លាំងកាយចិត្ត ដើម្បីរៀបចំនូវកម្មវិធីប្រកួតនេះឲ្យបានដំណើរបានល្អ ព្រមទាំងសូមថ្លែងអំណរគុណចំពោះ កីឡាករ កីឡាការីទាំង ១២៦នាក់ (ក្នុងនោះកីឡាការី១២នាក់) ដែលបានចុះឈ្មោះចូលរួមប្រកួតដណ្តើមយកឯកត្តជន ដើម្បីទទួលពានរង្វាន់ក្នុងព្រឹត្តការណ៍ដ៏វិសេសវិសាលនេះ។
ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ នឹងរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ចំពោះ កីឡាករ កីឡាការិនី ដែលជាប់ចំណាត់ពីលេខ១ ដល់លេខ៨ នៅក្នុងថ្ងៃទី២៧នេះ នឹងមានសិទ្ធិបន្តប្រកួតបន្តនៅថ្ងៃទី២៨ ដែលជាថ្ងៃប្រកួតជាក្រុមរបស់ថ្នាក់ដឹកនាំ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលអញ្ជើញក្នុងពិធីបើកការប្រកួតកីឡា និងប្រគល់ពានរង្វាន់ជូនដល់ជ័យលាភី។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម៕