World Cup 2030 នឹងធ្វើឡើងក្នុងប្រទេសចំនួន ៦
ប្រទេសព័រទុយហ្គាល់ អេស្បាញ និងម៉ារ៉ុក នឹងធ្វើសហម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2030 ប៉ុន្តែការប្រកួតបើកឆាកនឹងត្រូវធ្វើឡើងនៅទ្វីបអាមេរិកខាងត្បូង រួមមានប្រទេស អ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយដើម្បីអបអរប្រារព្ធខួបមួយសតវត្សនៃ FIFA World Cup ។ ការសម្រេចចិត្តនេះមានន័យថា ព្រឹត្តិការណ៍ FIFA World Cup 2030 នឹងលេងបង្រួបបង្រួមទ្វីបចំនួន៣ និងប្រទេសចំនួន ៦។
កាលពីយប់ថ្ងៃ ពុធសមាគមសមាជិក FIFA ទាំង ២១១ បានសម្រេចផ្ដល់សិទ្ធឲ្យប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ ធ្វើជាម្ចាស់ផ្ទះនៃ FIFA World Cup 2030 ដោយមានការប្រកួតអបអរសាទរខួប ១០០ឆ្នាំនៃការបង្កើត World Cup ផងដែរ ដែលតម្រូវឲ្យការប្រកួតចំនួន៣ នឹងធ្វើឡើងនៅប្រទេសអាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ។
ថ្លែងទៅកាន់សមាជវិសាមញ្ញរបស់ FIFA នៅមុនការចាត់តាំងម្ចាស់ផ្ទះ FIFA World Cup 2030 ប្រធាន FIFA លោក Gianni Infantino បាននិយាយថា៖« នៅក្នុងពិភពលោក ដែលបែកបាក់គ្នានាពេលបច្ចុប្បន្ននេះ ដែលវាហាក់ដូចជាគ្មាននរណាម្នាក់អាចយល់ព្រមលើអ្វីបានទៀតទេ ដើម្បីអាចយល់ព្រមលើអ្វីមួយបែបនេះ គឺពិតជា មិនគួរឱ្យជឿ ដែលជាសារមួយបង្ហាញពីការរួបរួម និងវិជ្ជមាន»។
ជាមួយគ្នានេះ FIFA ក៏បានបញ្ជាក់ផងដែរថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត World Cup 2034។ ប្រទេសមជ្ឈិមបូព៌ា គឺជាអ្នកដេញថ្លៃតែមួយគត់ សម្រាប់ការប្រកួតដែលមានរយៈពេល ១០ឆ្នាំខាងមុខជាមួយនឹងសមាជ FIFA បើទោះបីជាមានភាពចម្រូងចម្រាសយ៉ាងខ្លាំងជុំវិញការដេញថ្លៃក៏ដោយ៕