មន្ត្រីកម្ពុជាបង្ហាញសុទិដិ្ឋនិយមថា វិនិយោគិនជប៉ុននឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ ២០២៥
ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បង្ហាញសុទិដ្ឋិនិយមថាក្រុមការងារតុជប៉ុន (Japan Desk) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងអាចសហការជាមួយ Sumitomo Mitsui Banking Corporation ដើម្បីរួមគ្នាបំពេញបេសកកម្មជំរុញ និងទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៥ខាងមុខ។
ការបង្ហាញសុទិដ្ឋិនិយមបែបនេះធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគ្រាដែលលោក សួន សុផល បានទទួលជួបពិភាក្សាការងារជាមួយ Sumitomo Mitsui Banking Corporation តំណាងដោយ លោក Hironori Shimojima អនុប្រធានទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងពិនិត្យកាលានុវត្តភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសំដៅជំរុញ និងទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
បន្ថែមពីនេះ លោកក៏បានធ្វើការជម្រាបជូនសមភាគីអំពីវិស័យគន្លឹះមួយចំនួនដែលកម្ពុជាបាន និងកំពុងស្រូបទាញវិនិយោគិនឱ្យមកឆក់ឱកាសបណ្តាក់ទុនវិនិយោគដែលវិស័យទាំងនោះរួមមានកសិ-ឧស្សាហកម្ម, ភស្តុភារកម្ម, កម្មន្តសាលធន់ស្រាល, សុខាភិបាល និងថាមពលកកើតឡើងវិញជាដើម។
ជាការឆ្លើយតប លោក Hironori Shimojima បានសម្តែងនូវក្តីរីករាយដែលបានពិភាក្សាការងារជាមួយក្រុមការងារនាឱកាសបំពេញបេសកកម្មការងារលើកទី២ របស់ខ្លួនមកកាន់ប្រទេសកម្ពុជា។
លោកបានកត់សម្គាល់នូវសកម្មភាពដ៏សកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការដើរគោះទ្វារវិនិយោគិនឱ្យមកសិក្សាសមិទ្ធិលទ្ធភាព និងដាក់ទុនវិនិយោគនៅកម្ពុជា ហើយលោកមានជំនឿចិត្តថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងវិលត្រលប់ទៅកាន់ប្រទេសជប៉ុននាពេលវេលាសមស្របខាងមុខដើម្បីបន្តបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ខ្លួន។
ជាមួយគ្នានោះ លោកបានទទួលយកនូវអនុសាសន៍ដ៏ប្រពៃស្តីពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យតំណាង Sumitomo Mitsui Banking Corporation នៅរាជធានីភ្នំពេញពិនិត្យលទ្ធភាពពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើង៕