ប្រធានក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី នឹងមកកម្ពុជា លេងពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង
នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៩ ដល់ថ្ងៃទី២២ ខែធ្នូខាងមុខនេះ ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ នឹងប្រារព្ធឡើងនៅវិមានពហុកីឡដ្ឋានជាតិ ដោយក្នុងនោះ ប្រធានក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី នឹងធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមលេងក្នុងពានរង្វាន់មួយនេះ។
សមាគមកីឡាបាល់ទះម៉ាឡេស៊ី បានប្រកាសថា៖ « ប្រធានក្រុមបាល់ទះម៉ាឡេស៊ី លោក Sim Jian Qin គ្រោងនឹងចូលរួមជាមួយក្លឹបបាល់ទះខេត្តតាកែវ ចូលរួមការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ការប្រកួតនេះ ជាព្រឹត្តិការណ៍ធំបំផុតមួយក្នុងប្រទេសកម្ពុជា ដែលមាន៣១ក្លិបបាល់ទះមកពីជុំវិញប្រទេសកម្ពុជា ប្រកួតប្រជែង។ សហព័ន្ធកីឡាបាល់ទះកម្ពុជារំភើបចិត្តដែលមានកីឡាករបរទេសចូលរួមក្នុងការប្រកួតនេះ ដើម្បីទាញយកបទពិសោធន៍ បង្កើត និងកែលម្អទំនាក់ទំនងរវាងក្រុម»។
ក្រុមបាល់ទះខេត្តតាកែវ ដែលមានប្រធានក្រុមបាល់ទះម៉ាឡេស៊ី លោក Sim Jian Qin គ្រោងនឹងចូលរួម ស្ថិតនៅក្នុងពូល H ជាមួយក្លិបបាល់ទះស្នងការដ្ឋាននគរបាល់ខេត្តក្រចេះ និងសមាគមកីឡាបាល់ទះវិសាខា U20។
សម្រាប់ការប្រកួតនៅឆ្នាំនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការកែទម្រង់នូវលក្ខខណ្ឌមួយចំនួន ដើម្បីជំរុញការប្រកួតប្រជែង ដោយមិនអនុញ្ញាតិឱ្យកីឡាករជម្រើសជាតិ ឬកីឡាករមានសមត្ថភាពកម្រិតAក្នុងក្រុមតែមួយ ចូលលេងនៅលើទីលានលើសពី២នាក់នោះទេ និងអាចដាក់កីឡាករបរទេសចូលលេងបានម្នាក់។
សម្រាប់បេក្ខភាពសមាគម/ក្លិបទាំង ៣១ក្រុម ដែលត្រៀមចូលរួមប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ត្រូវបានបែងចែកជា ៨ពូល ដោយពូល A ដល់ពូល G មានចំនួន ៤ក្រុម និងពូល H មានចំនួន ៣ក្រុម។ ចំពោះក្រុមទទួលបានជើងឯក ពីការប្រកួតដែលប្រើប្រាស់ពេលវេលាមិនដល់ ២សប្ដាហ៍នេះ នឹងទទួលបានពានមួយ អមប្រាក់រង្វាន់ចំនួន ៥០លានរៀលផងដែរ។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នេះ គឺជាការប្រកួត លើកទី៣ហើយ ដោយកាលពី រដូរកាលទី១ ឆ្នាំ២០២២ ម្ចាស់ជើងឯក គឺសមាគមកីឡាបាល់ទះវិសាខា B និងរដូលកាលទី២ ឆ្នាំ២០២៣ ម្ចាស់ជើងឯក គឺសមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B៕