ក្រសួងកសិកម្ម នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១” នៅចុងសប្តាហ៍នេះ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រីសាន់សាញ បឹងកក់ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់ បច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការទំនាក់ទំនង កិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា។
នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឃុន សាវឿន រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកវារីវប្បកម្ម បានលើកឡើងថា បន្ទាប់ពីទទួលបានការណែនាំពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឆ្លងកាត់ការពិភាក្សាជាមួយថ្នាក់ដឹកនាំទទួលបន្ទុកវារីវប្បកម្ម ការរៀបចំពិព័រណ៍វារីវប្បកម្ម ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្ម កសិករផលិត និងអ្នកប្រើប្រាស់។
លោក ឃុន សាវឿនបន្តថា គំនិតផ្តួចផ្តើមរៀបចំពិព័រណ៍នេះ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរបស់តួអង្គពាក់ព័ន្ធនឹងវារីវប្បកម្ម បង្ហាញផលិតផលវារីវប្បកម្មដែលផលិតបាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្តល់ទំនុកចិត្តដល់អ្នកបរិភោគ។
ចំណែក លោកបណ្ឌិត ហាវ វិសិដ្ឋ បានលើកឡើងថា ការរៀបចំពិព័រណ៍វារីវប្បកម្មលើកដំបូង ដើម្បីផ្សព្វផ្សាយផលិតផលវារីវប្បកម្មក្នុងស្រុកដល់មហាជនឱ្យបានស្គាល់កាន់តែច្បាស់ មានទំនុកចិត្តក្នុងការបរិភោគ និងត្រូវស្វែងរកដៃគូសហការក្នុងការរៀបចំយកផលិតផលមកតាំងបង្ហាញ៕