Close

គណប្រតិភូក្រុមហ៊ុនផលិតអគ្គិសនីលំដាប់លេខ ១ នៅខេត្ត Zhejiang ចុះស្វែងយល់ពីកាលានុវត្តភាពវិនិយោគកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
គណប្រតិភូក្រុមហ៊ុនផលិតអគ្គិសនីលំដាប់លេខ ១ នៅខេត្ត Zhejiang ចុះស្វែងយល់ពីកាលានុវត្តភាពវិនិយោគកម្ពុជា គណប្រតិភូក្រុមហ៊ុនផលិតអគ្គិសនីលំដាប់លេខ ១ នៅខេត្ត Zhejiang ចុះស្វែងយល់ពីកាលានុវត្តភាពវិនិយោគកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូចិនមកពី ខេត្ត Zhejiang ដែលដឹកនាំដោយលោក Yang Yaming ជាប្រធាននៃ សារមន្ទីរសិល្បៈសេរ៉ាមិចទំនើបខេត្ត Zhejiang និងក្រុមហ៊ុន Xianghu Ceramic Art island Zhejiang Co., Ltd. ព្រមទាំងមានការចូលរួមពីអគ្គនាយករងនៃក្រុមហ៊ុន Zhejiang Energy Group Co., Lid. ចុះមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់កម្ពុជា

ដើម្បីទទួលបានព័ត៌មានពីឱកាសវិនិយោគនៅកម្ពុជា នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ គណៈប្រតិភូរបស់ក្រុមហ៊ុនខាងលើនេះបានចូលជួបពិភាក្សាជាមួយ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ថាមពលអគ្គិសនី ជាពិសេស ថាមពលអគ្គិសនីដែលប្រើប្រាស់ដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងឧស្ម័នធម្មជាតិ (LNG)។

គណប្រតិភូក្រុមហ៊ុនផលិតអគ្គិសនីលំដាប់លេខ១ នៅខេត្ត Zhejiangចុះស្វែងយល់ពីកាលានុវត្តភាពវិនិយោគកម្ពុជា

នាឱកាសនោះ លោក សួន សុផល បានលើកឡើងពីកាលានុវត្តភាពវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន និងកំណើនខ្ពស់នៃការវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗដូចជា ការផលិតថាមពលប្រើប្រាស់ដោយធ្យូងថ្ម និងផលិតបន្ទះស្រូបដោយពន្លឺព្រះអាទិត្យ។ លើសពីនេះទៀត ឯកឧត្តមបានជំរុញលើកទឹកចិត្តក្រុមហ៊ុនឱ្យធ្វើការពិភាក្សាជាមួយតួអង្គពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងរកការគាំទ្រជាលក្ខណៈបច្ចេកទេស។

ក្នុងឱកាសកិច្ចប្រជុំ លោក Yang Yaming ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមអគ្គលេខាធិការរង និងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូ ដោយបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា។

លោក Yang Yaming បានធ្វើបទឧទ្ទេសនាមខ្លីអំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន និងបានចែករំលែកអំពីនិន្នាការនៃការអភិវឌ្ឍថាមពលអគ្គិសនី និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។

គណប្រតិភូក្រុមហ៊ុនផលិតអគ្គិសនីលំដាប់លេខ១ នៅខេត្ត Zhejiangចុះស្វែងយល់ពីកាលានុវត្តភាពវិនិយោគកម្ពុជា

ជាការឆ្លើយតប លោកអគ្គលេខាធិការរងបានសម្តែងនូវក្តីសោនស្សរីករាយដោយបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រញាប់បណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីទទួលបានផលចំណេញ និងបានស្នើឱ្យគណៈប្រតិភូចិនជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជាជូនទៅវិនិយោគិនចិនបន្តបន្ទាប់ទៀត ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទទៀត។

ក្រុមហ៊ុន Zhejiang Energy Group Co., Lid. ជាក្រុមហ៊ុនផលិតអគ្គិសនីលំដាប់លេខ១ នៅខេត្ត Zhejiang មានសកម្មភាពធុរកិច្ចក្នុងវិស័យជាច្រើនដូចជា ថាមពលអគ្គិសនី, ហេដ្ឋារចនាសម្ព័ន្ធ, ការផលិតថាមពលធ្យូងថ្ម និងផលិតបន្ទះស្រូបដោយពន្លឺព្រះអាទិត្យ៕