Close

ក្រុមហ៊ុន ផលិតរថយន្តចិន កំពុងសម្រុកវិនិយោគ និងបង្កើតអាណាចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន ផលិតរថយន្តចិន កំពុងសម្រុកវិនិយោគ  និងបង្កើតអាណាចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ ក្រុមហ៊ុន ផលិតរថយន្តចិន កំពុងសម្រុកវិនិយោគ និងបង្កើតអាណាចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ

បាងកក ៖ ខណៈពេលដែលការលក់រថយន្តអគ្គិសនី (EV) មានភាពល្អប្រសើរនៅឆ្នាំនេះ ក្រុមហ៊ុន ផលិតរថយន្តរបស់ចិន ក៏បានកត់សម្គាល់នូវជំពូកថ្មីមួយសម្រាប់ឧស្សាហកម្មរថយន្តរបស់ប្រទេសថៃ តាមរយៈគម្រោងវិនិយោគសំខាន់ៗ។

លោក Surapong Paisitpatanapong អនុប្រធាន និងជាអ្នកនាំពាក្យ ក្លឹបសហព័ន្ធឧស្សាហកម្មយានយន្តថៃ បានថ្លែងឱ្យដឹង ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន ផលិតរថយន្តចិនធំៗដូចជា Great Wall Motor (GWM), MG, BYD និង Neta សុទ្ធតែកំពុងបង្កើតម៉ាកយីហោរបស់ពួកគេនៅក្នុងប្រទេសថៃ រួមជាមួយនឹងផែនការដើម្បីទទួលបានចំណែកទីផ្សារ អភិវឌ្ឍកន្លែងផលិត និងយកប្រទេសថៃជាមូលដ្ឋាននាំចេញ។

លោក Surapong បាននិយាយថា Neta មានសមត្ថភាពធ្វើឱ្យគូប្រជែងរបស់ខ្លួនស្ញប់ស្ញែងទាក់ទងនឹងទិសដៅអាជីវកម្មរបស់ក្រុមហ៊ុន ដោយកាលពីខែសីហាកន្លងទៅនេះ បានប្រកាសថា ខ្លួននឹងសហការជាមួយក្រុមហ៊ុនប្រេង និងឧស្ម័នជាតិ PTT Plc ដើម្បីដំឡើងរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។

លោក Auttapol Rerkpiboon ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន PTT បាននិយាយថា PTT នឹងជួយក្រុមហ៊ុនរថយន្ត ជាមួយនឹងការផលិតរថយន្ត EV ជាជាងចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការបង្កើតកន្លែងផលិតរថយន្ត EV ក្រោមម៉ាកយីហោថ្មី។ វាមានន័យថា ការសហការជាមួយនឹង PTT ក្នុងការផលិតរថយន្ត EV នៅក្នុងប្រទេសថៃគឺបានកាត់បន្ថយ ការចំណាយ និងចំណេញច្រើន ព្រោះ PTT ជាម្ចាស់ស្រុកដែលមានធនធានគ្រប់គ្រាន់ក្នុងការជួយដល់ប្រតិបត្តិការនៃសង្វាក់ផលិតកម្ម។

ជាក់ស្ដែង រោងចក្រផលិតរថយន្តមួយដែលមានតម្លៃប្រមាណ ២ពាន់លានដុល្លារអាមេរិក ត្រូវបានបង្កើតឡើង និងអាចផលិត រថយន្ត បានរហូតដល់ ៥០,០០០គ្រឿងក្នុងរយ:ពេល១ឆ្នាំ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន ផលិតរថយន្តចិន ដូចជា BYD បានចំណាយប្រាក់ប្រមាណជិត ១៨ពាន់លានបាត ដើម្បីវិនិយោគទៅលើការបង្កើតរោងចក្រផលិតរថយន្ត EV នៅក្នុងខេត្តរ៉ាក់យ៉ង ដែលអាចផលិតរថយន្តបានប្រមាណ ១៥០,០០០គ្រឿងក្នុងមួយឆ្នាំ។ ចំណែក MG វិញបានវិនិយោគ ២,៥ពាន់លានបាតក្នុងការបង្កើតរោងចក្រផលិតអាគុយ សម្រាប់ រថយន្ត EV នៅក្នុងប្រទេសថៃ ស្របពេលដែល GWM បានចំណាយរហូតដល់ ២២,៦ពាន់លានបាតដើម្បីបង្កើតអាណាចក្រ ក្នុងតំបន់សម្រាប់ ទីផ្សាររថយន្ត EV ៕

អត្ថបទទាក់ទង