ក្រុមហ៊ុនមួយបានកែច្នៃសំរាម ផលិតទៅជាជីសរីរាង្គធម្មជាតិ បានចំនួន ៤៥០ តោន ក្នុងរយៈពេល៤ខែ
ពោធិ៍សាត់៖ ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) តាមរយៈ សិប្បកម្មផលិតជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» បានកែច្នៃចេញពីសំរាមដែលមូលបានពីទីប្រជុំជននៅក្រុងពោធិសាត់និងតាមសហគមន៍នៅជុំវិញទីលានស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់ បានការកែច្នៃសំរាម យកទៅផលិតជាជីសរីរាង្គធម្មជាតិ បានចំនួន ៤៥០ តោន ក្នុងរយៈពេល៤ខែកន្លងមកនេះ។
ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ដែលទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤ នៅតាមសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ ចាប់ផ្តើមផលិតជីសរីរាង្គ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
លោក ស៊ី ឡែន ម្ចាស់សិប្បកម្មបានឱ្យដឹងថា ការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងពោធិ៍សាត់ យកទៅផលិតជាជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» បានចំនួន ៤៥០ តោន ក្នុងរយៈពេល៤ខែកន្លងមកនេះ ។
លោក ស៊ីឡែន បានអះអាងថា ផលិតផលរបស់សិប្បកម្មរបស់លោក ផ្តល់ផលប្រយោជន៍ជួយង្កើនគុណភាពដីកសិកម្ម ឲ្យមានជីជាតិល្អ ជួយឱ្យមានបាក់តេរីកកើតឡើងវិញច្រើន និងឲ្យដំណាំនិងរុក្ខជាតិគ្រប់ប្រភេទដូចជា ស្រូវ បន្លែ ដើមផ្កា នឹងរុក្ខជាតិហូបផ្លែលូតលាស់ល្អ និងទទួលបានទិន្នផលល្អ។
ជុំវិញបញ្ហានេះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះអាជីវកម្មបៃតង ដែលបានចូលរួមមិនត្រឹមតែដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប៉ុន្តែបានជួយកាត់បន្ថយសំរាមលើទីលាន តាមរយៈការកែច្នៃសំរាម ទៅជារបស់ប្រើប្រាស់ឡើងវិញ និងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។
លោកបានថ្លែងថា ដោយមើលឃើញអំពីបរិមាណសំរាម និងសំណល់ប្លាស្ទិក មានការកើនឡើងជាបន្ដបន្ទាប់នោះ ក្រសួងបរិស្ថានបានជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងផ្នែកឯកជន ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលទទួលបានជោគជ័យព្រោះមានអ្នកចូលរួមច្រើនជាងពាក់កណ្តាលប្រទេស បន្ទាប់មក យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលកំពុមានអ្នកចូលរួមយ៉ាងផុសផុលទូទាំងប្រទេស ចេញរើសសំរាម ទុកដាក់សំណល់តាមកន្លែងបានត្រឹមត្រូវ ចូលរួមសំអាតផ្ទះ សាលារៀន វត្តអារាមទីសាធារណៈនានា ជាពិសេសតាមដងផ្លូវនានា។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្ថែមថាការកែច្នៃកាកសំណល់ និងសំរាមដែលបានប្រើរួច ធ្វើជារបស់ប្រើប្រាស់ឡើងវិញ ដូចជាជីសរីរាង្គនេះជាដើម គឺជាការធ្វើពាណិជ្ជកម្មនិងការវិនិយោគដោយនិរន្តរភាពឆ្ពោះទៅអនាគតបៃតងរបស់កម្ពុជា ជាពិសេស ការបណ្តុះផ្នត់គំនិតស្អាត ដោយជំរុញឱ្យប្រជាពលរដ្ឋចេះទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ចេះកែច្នៃសំរាម និងកាកសំណល់ ដែលបានប្រើរួចហើយ យកមកប្រើប្រាស់ឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន។
លោកបានថ្លែងថានៅក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង ១ ម៉ឺននតោនក្នុងមួយថ្ងៃ។ ដោយឡែក នៅរាជធានីភ្នំពេញសំរាម ដែលបង្កើតឡើងមានប្រមាណចន្លោះពី ចំនួន៣០០០ តោន ទៅ៥ពាន់តោន ក្នុងមួយថ្ងៃក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៦០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ២០% និងល់ពីនេះគឺជាសំណល់ផ្សេងៗ ដូចជាកៅស៊ូ ក្រដាស កំណាត់ឈើជាដើម។
លោកសង្កត់ទៀតទៀតថា «ការធ្វើពាណិជ្ជកម្ម និងការវិនិយោគកាន់តែបៃតង មានសារៈសំខាន់ណាស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ព្រមទាំងបានជួយចូលរួមចំណែកលើកកម្ពស់សុខភាព និងផ្តល់ការងារបៃតងចំពោះប្រជាពលរដ្ឋ ហើយយើងទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់គាំទ្រពាណិជ្ជកម្មទំនិញ និងសេវាកម្មបរិស្ថាន និងការលើកស្ទួយអាជីវកម្មបៃតង។
សូមបញ្ជាក់ថា ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤ បានទទួលសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានប្រជាពលរដ្ឋសរុប ជាង ៧ម៉ឺននាក់ និងបានប្រមូលទុកដាក់សំរាម សំណល់រឹង បានពី ២៨ ទៅ ៣០ តោនក្នុងមួយថ្ងៃ ទៅទីលាន។ មកដល់ថ្ងៃនេះ សំរាមសំណល់រឹង ប្រមូល និងដឹកជញ្ជូនបានចំនួនជាង ៥,៥០០ តោន ក្នុងនោះសំរាមដែលត្រូវបានញែកយកមកប្រើប្រាស់ និងកែច្នៃបានចំនួនជាង ៥៥១ តោន និងលក់ជាអេតចាយបានចំនួន ៨៨ តោន៕