ក្រុមខ្លាំងចំនួន ៥ មិនទាន់ចាញ់សោះនៅ Champions League គិតត្រឹមជុំទី៤
ការប្រកួតពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League (UCL) រដូវកាល ២០២៤-២៥ បានបញ្ជប់សប្តាហ៍ទី៤ ហើយ ដោយក្នុងនោះ មានតែ៥ក្រុមប៉ុណ្ណោះ ដែលមិនទាន់ស្គាលរស់ជាតិចាញ់ ខណៈក្រុមការពារដំណែងជើងឯកអធិរាជស Real Madrid ហាក់ធ្វើមិនសូវបានលល្អនោះទេ ក្នុងរដូវកាលនេះ។
ក្នុងចំណោលក្រុមទាំង៣៦ គេសង្កេតឃើញថា មានតែក្រុមចំនួន៥ប៉ុណ្ណោះ ដែលមិនទាន់ចាញ់ គិតត្រឹម ៤ប្រកួតដំបូង ក្រុមទាំងនោះមានដូចជា ក្រុមហង្សក្រហម Liverpool , Sporting CP , AS Monaco , Brest និង Inter Milan។ ក្នុងចំណោមក្រុមទាំង៥ ខាងលើក្រុមដែលឈ្នះគ្រប់ប្រកួតនោះ គឺ ហង្សក្រហម Liverpool។
បច្ចុប្បន្ន ក្រុមដែលឈរកំពូលតារាងគឺ Liverpool ៤ប្រកួត ឈ្នះ៤ មាន១២ពិន្ទុ, Sporting CP, AS Monaco, Brest និង Inter Milan ឈរលេខលេខរៀងបន្តបន្ទាប់ ដោយ ៤ប្រកួត ឈ្នះ៣ ស្មើ១ មាន ១០ពិន្ទុ ដូចគ្នា ខណៈក្រុមការពារដំណែងជើងឯកអធិរាជស Real Madrid កំពុងឈរលេខ១៨។
គួរបញ្ជាក់ថា ចំពោះរូបមន្ត UEFA Champions League ក្នុងទម្រង់ថ្មី ឆ្នាំ២០២៤នេះ ក្រុមនីមួយៗប្រកួតតែ ៨ប្រកួតប៉ុណ្ណោះ ដោយត្រូវលេង ៤ប្រកួតក្នុងដី និង ៤ប្រកួតក្រៅដី ហើយពិន្ទុ គ្រាប់បាល់ គ្រាប់ចំណេញ គ្រាប់ទាត់គេ គ្រាប់គេទាត់ចូល គឺបូករួមគ្នាទាំងអស់ដូចការប្រកួតលីគ បើទោះបីជាមានប៉ះក្រុមផ្សេងៗគ្នា ឬក្រុមដូចគ្នាក៏ដោយ។
បន្ទាប់ពីការប្រកួត ៨លើក ក្រុមមានពិន្ទុច្រើន ចាប់ពីលេខ១ ដល់លេខ៨ គឺត្រូវឡើងទៅវគ្គ ១៦ក្រុមបន្តស្វ័យប្រវត្តិ ចំណែកពីក្រុមលេខ ៩ដល់ ២៤ ត្រូវប្រកួត 𝗣𝗹𝗮𝘆 𝗼𝗳𝗳 ដើម្បីរក ៨ក្រុមទៀតឡើងទៅលេងវគ្គ ១៦ក្រុមចុងក្រោយ។
ម្ស៉ាងវិញទៀត ក្នុងវគ្គ 𝗣𝗹𝗮𝘆 𝗼𝗳𝗳 គឺតម្រូវលេងចាប់ពីក្រុមលេខ៩ដល់១៦ ត្រូវប្រកួតទល់នឹងក្រុមលេខ ១៧ ដល់២៤ ចំនួន២ជើង (ក្នុងដី និងក្រៅដី) ដោយឡែកក្រុមលេខ ២៥ ដល់៣៦ គឺត្រូវជ្រុះចេញពីពានរង្វាន់ដោយស្វ័យប្រវត្តិ៕