ក្រុមហ៊ុនជប៉ុន Maruha Nichiro ចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា
ថៃ៖ ក្រុមហ៊ុន Maruha Nichiro (Thailand) Co., Ltd. ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ បានបង្ហាញនូវការចាប់អារម្មណ៍នូវការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត។
ការបង្ហាញចំណាប់អារម្មណ៍បែបនេះ របស់ក្រុមហ៊ុនធ្វើឡើងកាលពី ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយលោក Yasuhiro Hashimoto នាយកគ្រប់គ្រងក្រុមហ៊ុន Maruha Nichiro (Thailand) Co., Ltd. ប្រចាំក្រុងបាងកក។
ជំនួបពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាផ្ដល់យោបល់លើឱកាសវិនិយោគដែលក្រុមហ៊ុនអាចពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងវារីវប្បកម្ម ដែលស្របនឹងសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនជាក់ស្ដែង។
លើកឡើងក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនក្រុមហ៊ុនអំពីលក្ខខណ្ឌលើកទឹកចិត្តក្នុងការវិនិយោគនៅកម្ពុជា ពិសេសលើវិស័យអាទិភាពដែលបានលើកឡើងខាងលើនេះ។
បន្ថែមពីនេះ តាមរយៈចំណាប់អារម្មណ៍របស់ក្រុមហ៊ុន លោក ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ណែនាំឱ្យពិនិត្យលទ្ធភាពបន្ថែមលើការកែច្នៃកសិផលរួមមាន ស្វាយ ដំឡូងមី និងគ្រាប់ស្វាយចន្ទី ឬការធ្វើវារីវប្បកម្មសមុទ្រ ឬទឹកសាប ស្របតាមតម្រូវការផ្គត់ផ្គង់ទីផ្សាររបស់ក្រុមហ៊ុន៕