រដ្ឋមន្ត្រីធនធានទឹកផ្ញើសារឱុ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកនៅតាមដងទន្លេកំពុងហក់ឡើងខ្លាំង
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម អំពានាវដល់ប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈ កម្ពស់ទឹកនៅតាមដងទន្លេកំពុងហក់ឡើងខ្លាំង។
ជុំវិញបញ្ហានេះដែរ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បាន ឱ្យដឹងថា ស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះមានកម្ពស់ ២១,៦០ម៉ែត្រ កើនឡើង ០,២០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញកម្ពស់ ២១,៤០ ម៉ែត្រ។ កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នគឺ ២២ ម៉ែត្រ។
ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា, ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក នេត្រ ភក្ត្រា បានណែនាំដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាក្រុមការងារទាំងអស់យកចិត្តទុកដាក់ខ្ពស់សហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ដើម្បីជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ទឹកជំនន់ខ្លាំង និងត្រៀមលក្ខណៈបង្ការផ្សេងៗ។
ជាមួយគ្នានេះ លោកក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះប្រកាន់នូវវិធានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសវេចខ្ចប់ទុកដាក់របស់របរផ្សេងៗដែលងាយនឹងខូចខាតឱ្យខ្ពស់ពីទឹក, មើលថែកូនតូចៗឱ្យបានល្អចៀសវាងការគ្រោះថ្នាក់ផ្សេងៗ, ឧស្សាហ៍ពិនិត្យជុំវិញផ្ទះ និងក្នុងផ្ទះខ្លាចក្រែងមានសត្វអសិរពិសរត់ពីទឹកជំនន់មកពួនសម្ងំ។ និងអាចបង្កគ្រោះថ្នាក់ ព្រមទាំងប្រកាន់នូវវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការខ្លួនពីជំងឺដំកាត់ផ្សេងៗ។
បើតាម ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ ស្ថានភាពទឹកទន្លេ នៅ គ្រប់ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងឡើងនិងស្រកបន្តិចបន្តួច។
ចំណែក ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មាន ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមវ៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង បានថយឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើ ភាគកណ្តាល នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់វាលទំនាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីពាយ័ព្យនិងឦសានមានល្បឿនមធ្យម៤,៥ម៉ែត្រ/វិនាទី។
ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៤៥%។
ចំណែក តំបន់ខ្ពង់រាបវិញនឹងមាន សីតុណ្ហភាពមធ្យមអប្បបរមា២៣០C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសពាយ័ព្យ និងឦសាន មានល្បឿនមធ្យម ៤ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៤០%។
ចំពោះតំបន់មាត់សមុទ្រ នឹងមាន សីតុណ្ហភាពមធ្យមអប្បបរមា២៣០C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់ មកពីទិសពាយ័ព្យ មានល្បឿនមធ្យម ២,៥ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥%។
រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពសីមធ្យមអតិបរមា១,៥០ម៉ែត្រ៕