លោក Trump នឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោត ២០២៨ ប្រសិនបើចាញ់នៅក្នុងខែវិច្ឆិកា
អាមេរិក៖ អតីតប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់ការបោះឆ្នោត ឆ្នាំ ២០២៤ លោក Donald Trump បានប្រកាសថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២៨ ម្តងទៀតទេ ប្រសិនបើរូបលោកចាញ់នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
លោក Donald Trump បច្ចុប្បន្នមានអាយុ ៧៨ឆ្នាំ បានក្លាយជាបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតជាតិចំនួន ៣ លើក ជាប់ៗគ្នា ហើយបានធ្វើឱ្យមានការគណបក្សមានមុខមាត់យ៉ាងខ្លាំងក្នុងរយៈពេល៨ ឆ្នាំចុងក្រោយនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយ ក្រុមបណ្តាញផ្សព្វផ្សាយ Sinclair Media Group កាលពីពេលថ្មីៗ នេះ លោក Trump បញ្ជាក់ថា លោក នឹងមិនចូលរួមប្រកួតយកតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០២៨ ខាងមុខនេះ នោះទេ បើសិនជារូបលោកចាញ់ការបោះឆ្នោត អនុប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris។
ទោះជាយ៉ាងណា លោក Trump សង្ឃឹមថា លោកនឹងឈ្នះ លោកស្រី Kamala Harris សម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២៤ នេះ ។ យ៉ាងនេះក្តី បើតាមច្បាប់របស់សហរដ្ឋអាមេរិក មិនអនុញ្ញាតឱ្យ ប្រធានាធិបតី កាន់តំណែងលើសពីពីរអាណត្តិនោះទេ ។ ដូច្នេះ លោក Trump មិនត្រូវបានរំពឹងថានឹងឈរឈ្មោះនៅឆ្នាំ ២០២៨ ទោះជារូបលោកឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំនេះក៏ដោយ។
កន្លងមកមហាសេដ្ឋីអចលនទ្រព្យរូបនេះ កម្រនឹងទទួលស្គាល់ពីលទ្ធភាពនៃការចាញ់ការបោះឆ្នោតនេះណាស់ ខណៈ នៅក្នុងសុន្ទរកថារបស់លោក និងការបង្ហោះតាមបណ្តាញសង្គម លោកបានលើកឡើង និង សន្យាថាលោក នឹងឈ្នះការបោះឆ្នោត។
នៅក្នុងការស្ទង់មតិថ្នាក់ជាតិសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ ហើយត្រូវបានBBC ចុះផ្សាយ បានឱ្យដឹងថា លោកស្រី Kamala Harris នាំមុខលោក Donald Trump ៥១% ទល់នឹង ៤៩ %។សម្រាប់ការស្ទង់មតិមួយទៀត ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យដោយ សារព័ត៌មាន CBS បង្ហាញថា លោកស្រីHarris នាំមុខ Trump ៥២ % ទល់នឹង ៤៨ % នៅទូទាំងប្រទេស៕