សម្ដេចតេជោ : វិស័យទេសចរណ៍ជាចន្ទល់កំណើនសេដ្ឋកិច្ចដ៏រឹងម៉ាំ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកថា វិស័យទេសចរណ៍ នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយសម្រាប់ជាតិ ក្នុងនោះសម្រាប់ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ២.២លាននាក់ កើនឡើង ១០៥៩%។
ការលើកឡើងបែបនេះរបស់សម្តេច ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យទេសចរណ៍ នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ ក្នុងនោះសម្រាប់ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង២.២លាននាក់ កើនឡើង ១០៥៩% ធៀបឆ្នាំ២០២១»។
បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានបន្ដថា ជាមួយនេះ ភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិប្រមាណជិត១៤លាននាក់ កើនឡើង១៩៩% និងទេសចរបរទេសផ្ទៃក្នុង ប្រមាណជិត២លាននាក់ កើនឡើង៥៧២% ធៀបឆ្នាំ២០២១។
បើតាមសម្ដេចតេជោ ហ៊ុន សែន, តាមការប៉ាន់ស្មានពេញមួយឆ្នាំ២០២៣ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ៤លាននាក់ និងទេសចរជាតិប្រមាណ១៥លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងការវិវត្ត និងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិនានា ដោយឈរលើ មូលដ្ឋានសំខាន់២ ដែលត្រូវគិតគូរស្របពេលគ្នា គឺការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ឈរលើមូលដ្ឋាននេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលជាយុទ្ធសាស្ត្រមួយដ៏សមស្រប ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត ប៉ៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់៕