Close

បឺត សង្ឃឹម ផ្ដួល ពេជ្រ ប៊ុនសិទ្ធ ក្លាយជាម្ចាស់ខ្សែក្រវាត់ហនុមានគុនខ្មែរ គីឡូ ៥៧

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
បឺត សង្ឃឹម ផ្ដួល ពេជ្រ ប៊ុនសិទ្ធ ក្លាយជាម្ចាស់ខ្សែក្រវាត់ហនុមានគុនខ្មែរ គីឡូ ៥៧ បឺត សង្ឃឹម ផ្ដួល ពេជ្រ ប៊ុនសិទ្ធ ក្លាយជាម្ចាស់ខ្សែក្រវាត់ហនុមានគុនខ្មែរ គីឡូ ៥៧

(ប្រដាល់)៖ កាលពីយប់មិញនេះ អ្នកលេងចិត្តសាស្រ្ត បឺត សង្ឃឹម បានក្លាយជាខ្សែក្រវាត់ហនុមានគុនខ្មែរ ប្រភេទទម្ងន់ ៥៧គីឡូក្រាម ក្រោយយកឈ្នះ ដំរីយោលដៃ ពេជ្រ ប៊ុនសិទ្ធ ដោយពិន្ទុ នៅស្ទួឌីយោទូរទស្សន៍បាយ័នស្ទឹងមានជ័យ ។

ការប្រកួតដណ្តើមខ្សែក្រវាត់កាលពីយប់មិញនេះ បឺត សង្ឃឹម ប្រើបច្ចេកទេសដ៏ល្អឥតខ្ចោះតាមរយៈការទាត់ ក៏ដូចជាកណ្តាប់ដៃ និងជង្គង់ ខណៈដំរីយោលដៃ ពេជ្រ ប៊ុនសិទ្ធ បានព្យាយាមចូលវ៉ៃ ប៉ុន្តែមិនអាចវ៉ៃត្រូវដៃគូបានទេ ទាំងការទាត់ និងកណ្តាប់ដៃ។ក្រោយចប់ការប្រកួត បឺត សង្ឃឹម ទទួលបានជ័យជម្នះដោយពិន្ទុឯកច្ឆន្ទដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ហនុមាន អមជាមួយប្រាក់រង្វាន់២០លានរៀល ខណៈចំណែក ពេជ្រ ប៊ុនសិទ្ធ ទទួលបានប្រាក់រង្វាន់១២លានរៀល។

បឺត សង្ឃឹម ផ្ដួល ពេជ្រ ប៊ុនសិទ្ធ ក្លាយជាម្ចាស់ខ្សែក្រវាត់ហនុមានគុនខ្មែរ គីឡូ ៥៧

មែនទែនទៅ អ្នកទាំងពីរធ្លាប់ប៉ះពារពាក្យសំដីឌឺដងគ្នាទៅវិញទៅមករួចហើយក្នុងនាមជាកីឡាករ ខណៈការទន្ទឹមរង់ចាំ និងចិញ្ចឹមចិត្តប៉ងជួបគ្នា បានសម្រេចដូចបំណងហើយ។ កំពូលកីឡាករគុនខ្មែរពីររូប ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម មិនដែលប៉ះគ្នាពីមុនមកទេ ពេលនេះពួកគេទាំងពីរនឹងជួបគ្នាអង្រួនលើសង្វៀនជូនអ្នកគាំទ្រគុនខ្មែរទាំងអស់គ្នា ខណៈការធ្វើសន្និសីទកាសែតថ្ងៃនេះកីឡាករទាំងពីរដាក់ចិត្តដាក់កាយវាយឱ្យអស់ពីសមត្ថភាពស្វែងរកជ័យជម្នះរៀងៗខ្លួន។

ក្នុងថ្ងៃជាមួយគ្នានេះដែរ នៅមានគូពិសេសៗមួយចំនួនទៀត ដូចជា ពេជ្រ វិបុលសុខ បានផ្ដួល រិគី ពៅអាគម៌ ឲ្យបោះបង់ការប្រកួតនៅទឹកទី៣, សេក ដារ៉ាន់ បានយកឈ្នះ នឹមណូ, សេក ចៅជូត បានយកឈ្នះ មាស តេជៈ និង ពេជ្រ សម្បត្តិ បានផ្ដួលកីឡាករអ៊ីរ៉ង់ Mehrdad Khanzadeh ឲ្យបោះបង់ការប្រកួតនៅទឹកទី១។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បឺត សង្ឃឹម បានក្លាយជាម្ចាស់រង្វាន់រថយន្តដ៏ថ្មីសន្លាង១គ្រឿង បន្ទាប់ពីបានផ្តួលមិត្តរួមជាតិ វ៉ាន់ វឿន ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី១ នៅសង្វៀនបាយ័ន៕


បឺត សង្ឃឹម ផ្ដួល ពេជ្រ ប៊ុនសិទ្ធ ក្លាយជាម្ចាស់ខ្សែក្រវាត់ហនុមានគុនខ្មែរ គីឡូ ៥៧